ការធ្លាក់ចុះនៃប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មធំៗ បង្កជាក្តីបារម្ភអំពីសន្ទុះសេដ្ឋកិច្ចចិន

ដោយ: គង់ លាងហួរ
ប៉េកាំង: យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ប្រាក់ចំណេញរបស់រោងចក្រនៅក្នុងប្រទេសចិនបានធ្លាក់ចុះ ដែលការណ៍នេះបង្ហាញពីការព្រួយបារម្ភថា ភាពលើសចំណុះនៃផលិតកម្មឧស្សាហកម្ម កំពុងបង្កការលំបាកដល់ទីក្រុងប៉េកាំង ក្នុងការស្តារសន្ទុះសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។

ការិយាល័យស្ថិតិជាតិ(NBS)បានរាយការណ៍ថា ប្រាក់ចំណេញឧស្សាហកម្មនៅក្រុមហ៊ុនធំៗរបស់ចិនបានធ្លាក់ចុះ៣,៥ភាគរយនៅក្នុងខែមីនាបើធៀបនឹងឆ្នាំមុន។ ប៉ុន្តែ នៅទូទាំងត្រីមាសទីមួយ ប្រាក់ចំណេញឧស្សាហកម្មបានកើនឡើង៤,៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។

ក្រុមអ្នកវិភាគនៅធនាគារវិនិយោគអាមេរិក Goldman Sachs បានលើកឡើងថា ទាំងប្រាក់ចំណេញ និងប្រាក់ចំណូលក្នុងវិស័យឧស្សាហកម្មបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៅក្នុងខែមីនា ហើយបានគូសបញ្ជាក់ពីបញ្ហាសម្រាប់ឧស្សាហកម្មចិន។

ការលេចចេញសញ្ញាចុងក្រោយនៃបញ្ហាប្រឈមនៅក្នុងសេដ្ឋកិច្ចចិនបានកើតឡើង ស្របពេលដែលមន្ត្រីនៅសហរដ្ឋអាមេរិក និងអឺរ៉ុបបានលើកឡើងពីក្តីបារម្ភរបស់ពួកគេ អំពីផែនការរបស់ទីក្រុងប៉េកាំង ក្នុងការប្រើប្រាស់កម្លាំងផលិតកម្មរបស់ខ្លួន រួមទាំងតាមរយៈការនាំចេញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់ប្រទេសចិនកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមានរដ្ឋបាលរបស់់លោកប្រធានាធិបតី សុី ជីនពីន ជុំវិញការឧបត្ថម្ភធនដោយរដ្ឋាភិបាលចិនសម្រាប់ឧស្សាហកម្ម ដោយលោកអះអាងថា ផលិតកម្មរបស់ប្រទេសចិន និងតម្រូវការសកល មិនស៊ីសង្វាក់គ្នាឡើយ។

យ៉ាងណាមិញ ក្រុមអ្នកវិភាគនៅក្រុមហ៊ុន Capital Economics បានសរសេរនៅក្នុងកំណត់ត្រាស្រាវជ្រាវមួយថា “លក្ខខណ្ឌខ្សែសង្វាក់ផ្គត់ផ្គង់ដ៏អំណោយផល ស្តុកឧស្សាហកម្មច្រើន និងលើសចំណុះនៅក្នុងប្រទេសចិន នឹងទាញឱ្យអតិផរណាតម្លៃទំនិញស្នូលស្ថិតក្រោមការគ្រប់គ្រងបាន”៕ប្រភព: Financial Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here