តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹង នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹង នៅព្រឹកថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគងាកទៅផ្តោតលើកិច្ចប្រជុំគោលនយោបាយ និងទិន្នន័យអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិកដែលនឹងត្រូវចេញផ្សាយក្នុងសប្តាហ៍នេះ។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម២៣៣៣,២២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៥៤ភាគរយដល់២.៣៤៥ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៦នាទីព្រឹក។

លោក Daniel Ghali អ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុន TD Securities បានលើកឡើងថា“ទីផ្សារកំពុងរង់ចាំយ៉ាងអន្ទះសារនូវរបាយការណ៍អត្រាអ្នកមានការងារធ្វើ ខណៈទីផ្សារជឿជាក់ថា ធនាគារ Fed នឹងមិនប្រញាប់ប្រញាល់ក្នុងការកាត់បន្ថយអត្រាការប្រាក់ឡើយ ដោយសារមានសញ្ញានៃអតិផរណា និងកំណើនសេដ្ឋកិច្ចដែលមានភាពធន់”។

ស្របពេលជាមួយគ្នានេះ វិនិយោគិនមើលឃើញឱកាសចំនួន៥៧ភាគរយនៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះតិចតួចមកនៅត្រឹម១០៥,៧៣ពិន្ទុ ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,២ភាគរយដល់២៧,០៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៤២ភាគរយដល់៩៥១,១៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៥៦ភាគរយដល់៩៦៨,៧៥ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៨នាទីព្រឹកថ្ងៃអង្គារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here