តម្លៃប្រេងបានធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃច័ន្ទនេះ ខណៈកិច្ចចរចាសន្តិភាពរវាងអុីស្រាអែល និងក្រុមហាម៉ាសនៅទីក្រុងគែរ បានបន្ធូរបន្ថយភាពតានតឹង គួបផ្សំនឹងទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលបានធ្វើឱ្យទស្សនវិស័យនៃការបញ្ចុះអត្រាការប្រាក់ក្នុងពេលឆាប់ៗមានការថយចុះ។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះអស់១ដុល្លារមកនៅត្រឹម៨៨,៥០ដុល្លារ ក្នុងមួយបារ៉ែល  គិតត្រឹមម៉ោងសកល 0149 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានធ្លាក់ចុះ៨៤សេន មកនៅត្រឹម៨៣,០១ដុល្លារក្នុងមួយបារ៉ែល។

សន្ទស្សន៍តម្លៃនៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិកបានកើនឡើង០,៣% កាលពីខែមីនា ស្របតាមការព្យាករណ៍។ ការណ៍នេះបង្កើនការរំពឹងទុកថា  ធនាគារ Federal Reserve នឹងមិនកាត់បន្ថយអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះឡើយ។

ស្របពេលជាមួយគ្នានេះ វិនិយោគិនមើលឃើញឱកាសនៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក(Fed) ប្រហែលមួយលើកប៉ុណ្ណោះនៅឆ្នាំនេះ គឺនៅក្នុងខែវិច្ឆិកាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃតិចតួចដល់ត្រឹម១០៥,៩៨ពិន្ទុ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃច័ន្ទនេះ នៅមុនពេលមានការប្រព្រឹត្តិទៅនៃកិច្ចប្រជុំគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Federal Reserve) នៅចុងសប្តាហ៍នេះ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃប្រមាណ១ភាគរយ គិតត្រឹមម៉ោង៩:៥៩នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានបិទការជួញដូរ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៨២ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ១,៣៨ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,៧៤ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៦៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៨០ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here