សញ្ញាវិជ្ជមាន: តម្លៃផ្ទះនៅទីក្រុងហុងកុងកើនឡើងជាលើកដំបូង ក្នុងរយៈពេល១១ខែកន្លងមក

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃ​ផ្ទះ​ប្រភេទទី២នៅទីក្រុងហុងកុង ​បាន​កើន​ឡើង​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជិត​មួយ​ឆ្នាំ ខណៈ​ពេល​ថ្មីៗ​នេះ​ការ​លុបចេញ​នូវ​កាតព្វកិច្ចបង់ពន្ធប្រថាប់ត្រា ​បាន​ផ្តល់​នូវ​សន្ទុះដល់តម្រូវការ​​ទីផ្សារ​អចលនទ្រព្យ នៅក្នុងតំបន់រដ្ឋបាលពិសេសមួយនេះ។

តម្លៃផ្ទះប្រភេទទី២ជាមធ្យម បានកើនឡើង១,០៦ភាគរយ នៅក្នុងខែមីនា ដែលជាការកើនឡើងជាលើកដំបូង ក្នុងរយៈពេល១១ខែកន្លងមក។ នេះបើយោងតាមទិន្នន័យផ្លូវការ ដែលដកស្រង់មកចុះផ្សាយដោយសារពត៌មាន South China Morning Post។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យពីរដ្ឋបាលទីក្រុងហុងកុង បានបង្ហាញឱ្យដឹងថា ការលក់អចលនទ្រព្យ បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល១០ខែកាលពីខែមីនា ដោយមានការចុះកិច្ចព្រមព្រៀងទិញ-លក់លើសពី៥.០០០កិច្ចព្រមព្រៀង។

ចំនួនកិច្ចព្រមព្រៀងនៃការលក់ផ្ទះថ្មី និងផ្ទះប្រភេទទី២ ចំណតរថយន្ត ហាង ការិយាល័យ និងអចលនទ្រព្យឧស្សាហកម្ម បានកើនឡើងជាងពាក់កណ្តាល ដល់៥.០១៣កិច្ចព្រមព្រៀង កាលពីខែមីនា ដែលជាចំនួនមួយ ដ៏ខ្ពស់បំផុតគិតចាប់តាំងពីខែឧសភា ឆ្នាំមុនមកម្ល៉េះ។នេះបើយោងតាមទិន្នន័យចុះបញ្ជីដីធ្លី។

កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ លោក Paul Chan លេខាធិ ការហិរញ្ញវត្ថុនៃទីក្រុងហុងកុង បានប្រកាសលុបចោលវិធានការទាំងអស់ ដែលធ្លាប់បានដាក់កម្រិត ទៅលើប្រតិបត្តិការអចលនទ្រព្យ ក្នុងគោលបំណងស្ដារឡើងវិញ នូវសុខភាពសារពើពន្ធរបស់ទីក្រុង និងដោះស្រាយបញ្ហានៅក្នុងវិស័យអចលនទ្រព្យ។

ពន្ធដែលត្រូវបានលុបចោលនោះ រួមមាន ការយកពន្ធប្រថាប់ត្រាចំនួន១៥ភាគរយ នៃតម្លៃអចលនទ្រព្យ ពីអ្នកទិញដែលមិនមែនជាអ្នករស់នៅអចិន្ត្រៃយ៍ នៅទីក្រុងហុងកុង និងពន្ធប្រថាប់ត្រាចំនួន៧,៥ភាគរយលើអ្នកទិញផ្ទះទីពីរ។

លោក Derek Chan ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Ricacorp Properties បានលើកឡើងថា “បន្ទាប់ពីការលុបចោលទាំងស្រុងនូវវិធានការបង់ពន្ធ ប្រថាប់ត្រាអចលនទ្រព្យ លក្ខខណ្ឌទីផ្សារបានផ្លាស់ប្តូរ។ អ្នកប្រើប្រាស់ និងវិនិយោគិនផ្សេងៗគ្នាបានឈានជើងចូលទីផ្សារយ៉ាងសកម្ម”៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here