សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមានកំណើនទាបជាងការរំពឹងទុក

ដោយ: គង់ លាងហួរ

អន្តរជាតិ: នៅត្រីមាសទី១ ឆ្នាំ២០២៤ សេដ្ឋកិច្ចអាមេរិកបានកើនឡើងក្នុងល្បឿនយឺតបំផុត មិនធ្លាប់មានឡើយ ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ ស្របពេលមានការកើនឡើងនៃការនាំចូល និងកំណើនតិចតួចបំផុត នៃចំនួនទំនិញដែលលក់មិនចេញ។

ស្ថានភាពនេះជាសញ្ញាបង្ហាញថា តម្រូវការក្នុងស្រុកមានភាពរឹងមាំ និងអតិផរណាកើនឡើង ហើយថែមទាំងបានពង្រឹងការរំពឹងទុកថា ធនាគារកណ្តាលអាមេរិក(Fed) នឹងមិនកាត់បន្ថយអត្រាការប្រាក់មុនខែកញ្ញានោះទេ។

យោងតាមនាយកដ្ឋានពាណិជ្ជកម្មបានរាយការណ៍ថា ផលទុនជាតិសរុប(GDP) របស់សហរដ្ឋអាមេរិក បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ១,៦% នៅត្រីមាសទីមួយ ដែលជាកំណើនដ៏ទាបបំផុត ចាប់តាំងពីត្រីមាសទីពីរ នៃឆ្នាំ២០២២ នៅពេលដែលសេដ្ឋកិច្ចបានធ្លាក់ចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំណើនសេដ្ឋកិច្ចអាមេរិកនៅត្រីមាសទី១ បង្ហាញសញ្ញាពីការធ្លាក់ចុះយ៉ាងគំហុក បើធៀបនឹងអត្រាកំណើន៣,៤% នៅត្រីមាសទី៤ ឆ្នាំមុន និងទាបជាងអត្រា២,១% ដែលព្យាករណ៍ដោយក្រុមសេដ្ឋវិទូនៅក្នុងការស្ទង់មតិរបស់ក្រុមហ៊ុន FactSet ។

យោងតាមនាយកដ្ឋានពាណិជ្ជកម្មអាមេរិកបានឱ្យដឹងថា ការចំណាយលើការនាំចូល បានកើនឡើងដល់៧,២% ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បើធៀបនឹង២,២% នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣កន្លងទៅ។

ទន្ទឹមនឹងនេះ ការថយចុះនៃការវិនិយោគ ក្នុងវិស័យឯកជនបានជះផលប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក កាលពីដើមឆ្នាំនេះ ខណៈការចំណាយរបស់រដ្ឋាភិបាល ក៏មានការថយចុះយ៉ាងខ្លាំងផងដែរ។

ចំណែកឯ កំណើននៃការ​ចំណាយ​របស់​អ្នកប្រើប្រាស់ នៅក្នុងត្រីមាសទី១ ​ដែល​​គ្របដណ្តប់ចំណែកដ៏ធំនៃទិន្នផល​សេដ្ឋកិច្ច បានថយចុះមកនៅអត្រា២,៥% បើធៀបនឹងអត្រា៣,៣% នៅក្នុងត្រីមាសទី៤ ឆ្នាំមុន ដោយសារការធ្លាក់ចុះ អំណាចនៃការទិញ៕ ៕ប្រភព: CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here