តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃសុក្រនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំមើលសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន(PCE) របស់សហរដ្ឋអាមេរិក ដែលអាចផ្តល់តម្រុយជុំវិញពេលវេលានៃការបញ្ចុះអត្រាការប្រាក់។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៨%ដល់២៣៣៣,៧១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២២ភាគរយដល់២៣៤៧,៦ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥០នាទីព្រឹក។

កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានកើនឡើងទាបការរំពឹងទុកនៅក្នុងត្រីមាសទីមួយ ប៉ុន្តែការកើនឡើងនៃអតិផរណាបានបង្ហាញថា ធនាគារកណ្តាលអាមេរិក Fed នឹងមិនកាត់បន្ថយអត្រាការប្រាក់មុនខែកញ្ញាទេ។

លោក Bob Haberkorn អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន RJO Futures បានលើកឡើងថា “តម្លៃមាសកំពុងជួញដូរ ដោយផ្អែកលើទិន្នន័យ ដែលបង្ហាញថា ធនាគារ Fed មិនប្រញាប់ប្រញាលកាត់បន្ថយអត្រាការប្រាក់នៅពេលណាមួយឆាប់ៗនោះទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះតិចតួចមកនៅត្រឹម១០៥,៦០ពិន្ទុ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១៥ភាគរយដល់២៧,៣៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៦៣ភាគរយដល់៩១៩,៩០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៨៧ភាគរយដល់៩៨២,៧៥ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៣នាទីព្រឹកថ្ងៃសុក្រនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here