យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានមានភាពច្បាស់លាស់ ជួយឱ្យប្រជាជនមានជីវភាពប្រសើរ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានដាក់ចេញ មានភាពច្បាស់លាស់ ជួយឱ្យប្រជាជនមានជីវ​ភាពប្រសើរ និងការអភិវឌ្ឍរបស់កម្ពុជា ឆ្ពោះទៅសម្រេចគោលដៅជាប្រទេសអព្យាក្រឹតកាបូន។ នេះជាការលើកឡើងរបស់លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

លោកបានថ្លែងបែបនេះ ក្នុងឱកាសផ្សព្វផ្សាយក្នុងអង្គប្រជុំនៃវេទិការអង្គការក្រៅរដ្ឋាភិបាល  (NGOs Forum) នៅរាជធានីភ្នំពេញ នាថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤។

លោកបានបន្តថា “យុទ្ធសាស្រ្តចក្រា ជាត្រីវិស័យ ចង្អុលបង្ហាញផ្លូវឆ្ពោះទៅ ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចសហប្រតិបត្តិការ និងការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកខ្វៃ អាទិត្យាបានបញ្ជាក់ទៀតថា យុទ្ធសាស្រ្តចក្រាបានរចនាឡើងជារូបរង្វង់ ដោយមានយុទ្ធសាស្រ្តស្នូល ផ្តោតលើមុំចំនួន៣ រួមមាន៖ ពង្រឹងគោលនយោបាយ កសាងរដ្ឋបាល ឌីជីថល និងពង្រីកការផ្សព្វផ្សាយ ដែលមុំទាំងបីនេះ ជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញបង្វិលយុទ្ធសាស្រ្តបីផ្សេងទៀត ឱ្យដំណើរការដោយជោគជ័យ គឺយុទ្ធសាស្រ្តទី១ ភាពស្អាត ដែលផ្តោតលើមុំ គ្រប់គ្រងការបំពុល ធ្វើទំនើបកម្ម សមត្ថភាពវិនិច្ឆ័យការបំពុល និងលើកកម្ពស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

យុទ្ធសាស្រ្តទី២ ភាពបៃតង ផ្តោតលើមុំ ពង្រីកចលនាដាំដើមឈើ ជំរុញការគ្រប់គ្រងតំបន់ការពារ ធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងយុទ្ធសាស្រ្តទី៣ ចីរភាពផ្តោតលើមុំ ធ្វើអនុ​លោមភាព ពង្រីកសហប្រតិបត្តិការ និងពង្រឹងការសម្របសម្រួល។

ឈរលើភាពស្អាត ដោយផ្តើមចេញពីការគាំទ្រ របស់សិស្សានុ​សិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ កម្មករ កម្មការនី ប្រជាពលរដ្ឋកម្ពុជា ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចំនួនជាង៧លាននាក់ ដែលបានរួមចំណែកដោយបេះដូង ធ្វើឱ្យសាលារៀនស្អាត វត្តអារាមស្អាត ភូមិឋានស្អាត សហគមន៍ស្អាត និងទីក្រុងស្អាត គឺជាភាពជោគជ័យរបស់យើងទាំងអស់គ្នា។

យុទ្ធនាការនេះ បានជួយឱ្យយើងមានភាពស្អាតទាំងក្នុង និងក្រៅ ប្រៀបដូចជាភាពស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគឱ្យមកប្រទេសរបស់យើង។ លើសពីភាពស្អាត ការដាំ និងស្តារព្រៃឈើ ដើម្បីភាពបៃតង នឹងរក្សាបាននូវអព្យាក្រឹតកាបូន ដែលជាចំណែកនៃការរកប្រាក់ចំណូលបន្ថែម របស់ប្រជាសហគមន៍ នឹងជួយឱ្យមានការអភិវឌ្ឍដោយចីរភាព៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here