ប្រាក់ចំណូលពីវិស័យទេសចរណ៍សកលនឹងកើនឡើងដល់ទំហំទឹកប្រាក់៥,៨ទ្រីលានដុល្លារក្នុងឆ្នាំនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រាក់ចំណូលពីវិស័យទេសចរណ៍សកល នឹងសម្រេ​ចបានទំហំទឹកប្រាក់៥,៨ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២៤ កើនឡើង១៣៩,៦ភាគរយ បើធៀបនឹងកម្រិតក្នុងឆ្នាំ២០១៩។

ការព្យាករណ៍នេះត្រូវបានដកស្រង់ពីរបាយការណ៍ ដែលចេញផ្សាយ ដោយកិច្ចប្រជុំកំពូលទេសចរណ៍ពិភពលោក Wellington Fragrant Hills Tourism Summit ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅទីក្រុង Wellington ប្រទេសនូវែលសេឡង់ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមេសា។

កិច្ចប្រជុំនេះត្រូវបានឧបត្ថម្ភរួមគ្នា ដោយសហព័ន្ធទីក្រុងទេសច​រណ៍ពិភពលោក (WTCF) និងក្រុមប្រឹក្សាក្រុង Wellington ។ សហព័ន្ធ WTCF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ តាមគំនិតផ្តួចផ្តើមរបស់ទីក្រុងប៉េកាំង គឺជាអង្គការទេសចរណ៍អន្តរជាតិ ដំបូងគេរបស់ពិភពលោក ដែលផ្តោតលើបណ្តាទីក្រុងនានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍ស្តីពី និន្នាការសេដ្ឋកិច្ចទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ បានព្យាករណ៍ថា ការមកដល់របស់ភ្ញៀវទេសចរណ៍អន្តរជាតិ នឹងមានចំនួន១៣,៥៧ពាន់លាននាក់ ក្នុងឆ្នាំនេះ ដែលកើនឡើងដល់អត្រា១០៣,៩ភាគរយ នៃកម្រិតឆ្នាំ២០១៩។

ជាមួយគ្នានេះ របាយការណ៍ខាងលើ បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែង ដោយឧស្សាហកម្មទេសចរណ៍ពិភពលោក ដើម្បីបង្វែរបញ្ហាប្រឈមពីវឌ្ឍនភាពបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុទៅជាឱកាសកំណើន។

លោកស្រី Sima Hong អនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាសហព័ន្ធ WTCF និងជាអភិបាលរងក្រុងប៉េកាំង បានថ្លែងបើកក្នុងពិធីនោះ ថា វិស័យទេសចរណ៍ បានក្លាយទៅជាឧស្សាហកម្មសសរស្តម្ភសម្រា​ប់កំណើនសេដ្ឋកិច្ចពិភពលោក។

លោកស្រីបានអំពាវនាវ ឱ្យមានការផ្លាស់ប្តូរអន្តរជាតិកាន់តែស៊ីជម្រៅ និងភាពជាដៃគូក្នុងឧស្សាហកម្មវប្បធម៌ និងទេសចរណ៍ ការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍បៃតង និងលើកកម្ពស់បទពិសោធន៍ទេស​ចរណ៍ តាមរយៈការពង្រឹងបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ស្ថិរភាព ភាពធន់ និងវិបុលភាពនៃវិស័យទេសចរណ៍៕ប្រភព: Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here