តម្លៃប្រេងបានធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃច័ន្ទនេះ ខណៈការព្រួយបារម្ភអំពីការផ្គត់ផ្គត់បានថយចុះ ដោយសារតែអុីស្រាអែល និងអុីរ៉ង់បានកាត់បន្ថយហានិភ័យនៃការកើនឡើងអរិភាពនៅតំបន់មជ្ឈិមបូព៌ា គួបផ្សំនឹងកំណើនស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៥៤សេន មកនៅត្រឹម៨៦,៧៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 1218 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futuresបានធ្លាក់ចុះ១២សេន មកនៅត្រឹម៨៣,០២ដុល្លារក្នុងមួយបារ៉ែល។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសប្រមាណ៦៧ភាគរយនៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅត្រឹមកម្រិតខ្ពស់បំផុត ក្នុងរង្វង់ជាង១០៦ពិន្ទុ នៅថ្ងៃច័ន្ទនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃច័ន្ទនេះ ខណៈដែលស្ថានការណ៍ជម្លោះនៅតំបន់មជ្ឈឹមបូព៌ារវាងប្រទេសអុីស្រាអែល និងអុីរ៉ង់ បានថយចុះមកវិញ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,៧៧ភាគរយ គិតត្រឹមម៉ោង១០:០៥នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៧២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ២,១៦ភាគរយ។

ប៉ុន្តែ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,០១៨ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,១៩ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៩៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៧៣ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here