តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃច័ន្ទនេះ ដោយសារការងើបឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក និងការបន្ធូរបន្ថយភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ា បន្ទាប់ពីអុីរ៉ង់បានប្រកាសថា ខ្លួនពុំមានផែនការសងសឹកទៅលើអុីស្រាអែលឡើយ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៥៣%ដល់២៣៧៧,៨៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ១,០១ភាគរយដល់២៣៨៩,៤ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៣៩នាទីព្រឹក។

លោក David Meger នាយកផ្នែកជួញដូរលោហធាតុនៅក្រុមហ៊ុន High Ridge Futures បានលើកឡើងថា “ប្រសិនបើស្ថានការណ៍ជម្លោះនៅតំបន់មជ្ឈឹមបូព៌ា កាន់តែធូរស្រាល នោះតម្លៃហាងឆេងមាសនឹងធ្លាក់ថ្លៃចុះមកវិញ ដោយសារសន្ទុះនៃការទិញមាសថយចុះ”។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសប្រមាណ៦៧ភាគរយនៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅត្រឹមកម្រិតខ្ពស់បំផុត ក្នុងរង្វង់ជាង១០៦ពិន្ទុ នៅថ្ងៃច័ន្ទនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,២១ភាគរយដល់២៨,៣១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៤១ភាគរយដល់៩៣៥,៤៣ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៥៦ភាគរយដល់១០២០,៧៥ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៦នាទីព្រឹកថ្ងៃច័ន្ទនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here