រដ្ឋាភិបាលកម្ពុជាចាត់ទុកទស្សនកិច្ចរបស់ លោកវ៉ាង យី ជាការពង្រឹងមិត្តភាពដែកថែប

ពង្រឹងមិត្តភាពដែកថែប

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មិនខុសពី​ការ​គ្រោង​ទុក​ ប្រ​មុខ​ការ​ទូត​ចិន ​លោក​ វ៉ាង ​យី ​ចាប់​ផ្តើម​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណើរ​ទស្សន​កិច្ច​ចំនួន៣​ថ្ងៃ​ នៅ​កម្ពុជា ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃទី​២៣​ខែ​មេសា។​

​ក្រសួង​ការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ​ បាន​បញ្ជាក់ថា ទស្សន​កិច្ច​របស់​ លោក វ៉ាង ​នឹង​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​ការ​សាង​សហគមន៍​មួយ វាសនា​រួម ប្រកប​ដោយ​គុណភាព​ខ្ពស់ ​និង​កិច្ច​សហប្រតិ​បត្តិ​ការទាំង​ក្នុង​តំបន់​ និង​អន្តរ​ជាតិ ​ដើម្បីប្រយោជន៍​ប្រជាជន ​និង​ប្រជា​ជន​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅ​កម្ពុជា​ លោក​ វ៉ាង ​នឹង​ត្រូវ​ចូល​គាល់​ព្រះ​មហាក្សត្រ ​និង​មាន​ជំនួប​ទ្វេរ​ភាគី​ជា​មួយ ​លោក ​ហ៊ុន​ សែន ​ប្រធាន​ព្រឹទ្ធ​សភា ​និង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត​ ព្រម​ទាំង​មាន​ជំនួប​ជាមួយ​ប្រមុខ​ការ​ទូត​កម្ពុជា​ផង​ដែរ​។

​ក្រសួង​ការ​បរទេស​កម្ពុជាបានលើកឡើងថា​ លោក វ៉ាង យី នឹង​ចូល​រួម​កិច្ច​ប្រជុំ ​នៃ​គណៈកម្មា​ធិការ​សម្រប​សម្រួល ​អន្តររដ្ឋា​ភិបាល​កម្ពុជា-ចិន ដែលភាគី​កម្ពុជា​តំណាង​ដោយ​លោក ស៊ុន ចាន់ថុល ​អនុប្រធានទី១​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

ទស្សន​កិច្ច​របស់​ ​​លោក​ វ៉ាង ​គឺ​មាន​គោល​ដៅ​ជំរុញ​ការ​អនុវត្ត​លើ​គម្រោង​ខ្សែ​ក្រ​វ៉ាត់ ​និង​ផ្លូវ​ ដែល​បាន​ផ្តួច​ផ្តើម​ឡើង​ដោយ​ប្រធានា​ធិបតី​ចិន​លោក​ស៊ី ជីនពីង​។​ នេះ​បើ​តាម​សារព័ត៌​មាន​ចិន​ South China Morning Post ដែល​ចេញ​ផ្សាយ​នៅ​មុន​ទស្សន​កិច្ច​របស់​ប្រមុខ​ការ​ទូត​ចិន​រូប​នេះ។

រីឯ​ក្រសួង​ការបរទេស​កម្ពុជា​បាន​គូស​បញ្ជាក់ថា​ ទស្សន​កិច្ច​របស់​ប្រមុខ​ការ​ទូត​ចិន​នៅ​ពេល​នេះ ​គឺ​ស្រប​ពេល​នឹង​ការ​ប្រារព្ធ​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន ​និង​ប្រជាជន​(កម្ពុជា-ចិន) ​ហើយ​រួម​ចំណែក​ដល់​ការ​ពង្រឹង​មិត្ត​ភាព​ដែក​ថែប​ និង​ពង្រីក​កិច្ច​សហប្រតិ​បត្តិ​ការ​ភាព​ជា​ដៃ​គូយុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ។​

លើស​ពី​នេះ​កម្ពុជា​ចាត់​ទុ​កថា​ ទស្សន​កិច្ច​របស់​ លោក វ៉ាង ​ក៏​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​ការ​សាង​សហគមន៍​មួយ ​វាសនា​រួម ប្រកប​ដោយ​គុណភាព​ខ្ពស់ ​និង​កិច្ច​សហប្រតិបត្តិ​ការទាំង​ក្នុង​តំបន់​ និង​អន្តរ​ជាតិ ​ដើម្បីប្រយោជន៍​ប្រជាជន​ និង​ប្រជា​ជន​។

​កាលពី​ឆ្នាំ២០២៣ លោកស៊ី ជីនពីង និង​អតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា​ លោក ហ៊ុន សែន​បានប្រកាស​អំពី​កិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” នៅទីក្រុងប៉េកាំង ក្នុងគោលបំណងបង្កើនទំនាក់ទំនងទ្វេភាគីក្នុងវិស័យនយោបាយ ផលិតភាព កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរមនុស្ស។

អ្វីជាការកត់សំគាល់ ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិននៅពេលខាងមុខនេះ គឺស្របពេលដែលប្រទេសចិន បង្កើនការទូតរបស់ខ្លួន ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងចំពេលដែលការប្រកួតប្រជែង ជាយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងរឹតបន្តឹង។

ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី២ក្នុងពិភពលោក ប្រទេសចិន មិនត្រឹមតែកំពុងព្យាយាមរក្សាឋានៈរបស់ខ្លួន ជាដៃគូពាណិជ្ជកម្មកំពូលជាមួយប៉ាពូអាស៊ីនូវែលហ្គីណេ ដែលជាប្រទេសកោះធំជាងគេនៅប៉ាស៊ីហ្វិកខាងត្បូងប៉ុណ្ណោះទេ តែថែមទាំងបានពង្រីកទំនាក់ទំនងរបស់ខ្លួនទៅកាន់តំបន់ជាច្រើនទៀតផង។

ក្នុងពេលជាមួយគ្នា ចិនក៏បានបង្កើនទំនាក់ទំនងរបស់ខ្លួន ជាមួ​យឥណ្ឌូនេស៊ី និងកម្ពុជាដល់កម្រិតនៃការកសាង “សហគមន៍មួយ ជោគវាសនារួម” ខណៈចិនកំពុងជំរុញទំនាក់ទំនង ជាមួយប៉ាពូអាស៊ីនូវែលហ្គីណេឲ្យទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការរបទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here