សង្រ្គាមរវាងអ៊ីស្រ្តាអែល និងអ៊ីរ៉ង់មិនរំខានដល់ផ្លូវហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ថៃ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការបើកជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ទៅកាន់តំបន់អឺរ៉ុប ពុំបានរងផលប៉ះពាល់ពីការកើនឡើងកំដៅនៃភាពតានតឹង នៅតំបន់មជ្ឈឹមបូព៌ា បន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារទៅលើទឹកដីអ៊ីស្រាអែលឡើយ។

ក្រោយពីអ៊ីរ៉ង់ បានវាយប្រហារផ្លូវអាកាស លើអ៊ីស្រាអែលលើកដំបូង ចាប់តាំងពីជម្លោះនៅតំបន់កាហ្សាផ្ទុះឡើង ក្នុងឆ្នាំ២០២៣ ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា កាន់តែកើនឡើងកំដៅបន្ថែមទៀត។ ការធ្វើដំណើរតាមផ្លូវអាកាស ពីតំបន់អាស៊ីទៅកាន់អឺរ៉ុប អាចនឹងរងផលប៉ះពាល់មួយចំនួន ខណៈការប៉ះទង្គិចរវាងប្រទេសទាំង២ បានធ្វើឱ្យប្រទេសមួយចំនួន ដូចជា អ៊ីស្រាអែលជាដើមបិទជើងហោះហើរទាំងអស់ កាលពីថ្ងៃទី១៤ ខែមេសា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះបីជាយ៉ាងណាក្តី ការហោះហើររបស់ក្រុមហ៊ុន Thai Airways ទៅកាន់តំបន់អឺរ៉ុប ពុំបានរងផលប៉ះពាល់ឡើយ ដោយសារក្រុមហ៊ុនមួយនេះ បានផ្លាស់ប្តូរជើងហោះហើររបស់ខ្លួន ទៅក្រៅដែនអាកាសអ៊ីរ៉ង់។

លោក Korakot Chatasingha ប្រធានផ្នែកពាណិជ្ជកម្មប្រចាំនៅក្រុមហ៊ុន Thai Airways បានលើកឡើងថា “ក្រុមហ៊ុនរបស់យើង បានផ្លាស់ប្តូរ ផែនការហោះហើរមួយចំនួន ដោយអនុញ្ញាតឱ្យមានការបើកជើងហោះហើរ នៅក្រៅដែនអាកាសអ៊ីរ៉ង់ ខណៈជាធម្មតាការហោះហើរទៅកាន់តំបន់អឺរ៉ុប ត្រូវឆ្លងកាន់តំបន់មជ្ឈិមបូព៌ា”។

លោក Korakot បានគូសបញ្ជាក់បន្ថែមថា “ការកក់ជើងហោះហើរ នៅតែបន្តដំណើរការដូចធម្មតា ហើយជើងហោះហើរមិនត្រូវបានលុបចោលឡើយ”។

ចំណែកឯ លោក Chai Eamsiri ប្រធានប្រតិបត្តិផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុន Thai Airways បានលើកឡើងថា បណ្តាប្រទេសមួយចំនួននៅតំបន់មជ្ឈិមបូព៌ា បានបិទដែនអាកាស ដោយសារតែជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ នេះបើយោងតាមការចុះផ្សាយដោយ​សារព័ត៌មានថៃ The Nation។

ភាពតានតឹងកាន់តែរីករាលដាលធំឡើង ខណៈប្រទេសអ៊ីរ៉ង់ បានបើកការវាយប្រហារ ផ្លូវអាកាសទៅលើអ៊ីស្រាអែល បន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារលើស្ថានកុងស៊ុលរបស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ដោយបានសម្លាប់មន្រ្តីអ៊ីរ៉ង់មួយចំនួន៕ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here