កម្ពុជារកបានចំណូលចំនួនជិត៣២០លានដុល្លារពីការនាំចេញជ័រកៅស៊ូ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ​ទិន្នន័យ​ពាណិជ្ជកម្ម​ចុងក្រោយ​របស់​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​​បាន​ឱ្យ​ដឹង​ថា​ ​កម្ពុជា​រកចំណូល​បាន​៣​១​៧​លាន​ដុល្លារ​ ​ពី​ការនាំចេញ​កៅស៊ូ​ ​ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំនេះ​ ​កើន​ឡើង​៨​៨​,​៦​ ​ភាគរយ​ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​

ទិន្នន័យ​បាន​បង្ហាញ​ថា​ ​និន្នាការ​កើន​ឡើង​ក្នុង​ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា ​ដែល​បាន​ចាប់ផ្តើម​ នៅ​ពាក់កណ្តាល​ឆ្នាំ​២​០​២​២​ ​បន្ត​ដល់​ឆ្នាំ​២​០​២​៤​ផង​ដែរ​។​ ​ការនាំចេញ​បាន​កើន​ឡើង​ ​ទោះបីជា​មានការ​ធ្លាក់ចុះ​ នៃ​ការ​ផលិត​កៅស៊ូ​ធម្មជាតិ​ជាសាកល ​រួម​នឹង​ការ​ឡើងថ្លៃ​ក៏ដោយ​។​

​កម្ពុជា​រកចំណូល​បាន​៩​១​៩​​លាន​ដុល្លារ​ ពី​ការនាំចេញ​កៅស៊ូ​ ​និង​ផលិតផល​ពី​កៅស៊ូ​នៅ​ឆ្នាំ​​២​០​២​៣​ ​ដែល​មាន​កំណើន​៦​៩​,​៦​ ​ភាគរយ​ ​ធៀប​នឹង​ឆ្នាំមុន​។​ ​ទី​ផ្សារ​កៅស៊ូ​កម្ពុជា​ភាគច្រើន​រួម​មាន​ ​ចិន​ ​វៀតណាម​ ​ម៉ាឡេស៊ី​ ​សិង្ហបុរី​ ​ឥណ្ឌា​ ​និង​សហភាព​អឺរ៉ុប​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​យោង​តាម​សមាគម​ប្រទេស​ផលិត​កៅស៊ូ​ធម្មជាតិ​ (​AN​R​P​C) ​ដែល​មាន​មូលដ្ឋាន​ នៅ​ទីក្រុង​កូឡា​ឡាំ​ពួរ​បាន​ឱ្យ​ដឹង​ថា​ ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៃ​តម្លៃ​កៅស៊ូ​ធម្មជាតិ​ ​ភាគច្រើន​អាច​បណ្តាលមកពី​ការ​ផ្គត់ផ្គង់​ទំនិញ​តឹងតែង ​ដែល​មិន​នឹកស្មាន​ដល់​ ​ជាពិសេស​ប្រទេស​ផលិត​កៅស៊ូ​ធម្មជាតិ​ជាច្រើន​ ​ឈាន​ចូល​ដល់​រដូវ​ស្លឹកឈើ​ជ្រុះ​។​

យោង​តាម​អ្នកជំនាញ​បាន​ឱ្យ​ដឹង​ថា​ ​ទី​ផ្សារ​កៅស៊ូ​ធម្មជាតិ​នៅតែ​បន្ត​ប្រឈមមុខនឹង​បញ្ហា​ធំ​ៗ​ ​ជាពិសេស​ដោយសារតែ​កំណើន​សេដ្ឋកិច្ច​ចិន​តិច​ជាង​ការ​រំពឹង​ទុក ​នៅ​ក្នុង​ឆមាស​ទីពីរ​នៃ​ឆ្នាំមុន​។​ ​ប្រទេស​ចិន ​គឺជា​ប្រទេស​ផលិត​សំបក​កង់​ធំបំផុត​នៅ​លើ​ពិភពលោក​។​

បន្ថែម​លើ​នេះ​ ​គឺជា​ផល​ប៉ះពាល់​នៃ​សង្គ្រាម​រុស្ស៊ី-​អ៊ុយ​ក្រែ​ន​ ​និង​អ៊ីស្រាអែល​-​ហា​ម៉ា​ស​ ​ដែល​អូស​បន្លាយពេល​យូរ​ ​និង​ការ​ចំណាយ​លើក​ម្ចី​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​។​

យោង​តាម​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​គិត​ត្រឹម​ឆ្នាំ​២​០​២​១​ ​កម្ពុជា​មាន​ចម្ការ​កៅស៊ូ​ជាង​៤​០​ម៉ឺន​ហិកតា​។​ ​កម្ពុជា​ក៏មាន​រោងចក្រ​កែច្នៃ​កៅស៊ូ​ ​និង​មជ្ឈមណ្ឌល​សិប្បកម្ម​ចំនួន​១​៦​៨​ ​ក្នុង​ខេត្ត​ចំនួន​១​១​៕

LEAVE A REPLY

Please enter your comment!
Please enter your name here