តម្លៃប្រេងកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើង នៅថ្ងៃសុក្រនេះ ក្រោយពីមានសេចក្តីរាយការណ៍ថា មីស៊ីលរបស់អុីស្រាអែលបានវាយប្រហារទៅលើទីតាំងមួយកន្លែងនៅក្នុងប្រទេសអុីរ៉ង់ ដែលការណ៍នេះបង្កឱ្យមានការព្រួយបារម្ភថា ការផ្គត់ផ្គង់ប្រេងអាចនឹងត្រូវបានរំខាន។

គិតត្រឹមម៉ោងសកល 0200 GMT តម្លៃ Brent futures បានកើនឡើង២,៦៣ដុល្លារ ដល់៨៩,៧៤ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានកើនឡើង២,៥៦ដុល្លារ ដល់៨៤,៦៦ដុល្លារក្នុងមួយបារ៉ែល។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសនៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់ត្រឹម១០៦,២៨ពិន្ទុ នៅថ្ងៃសុក្រនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃសុក្រនេះ ខណៈដែលប្រាក់ដុល្លារ និងតម្លៃហាងឆេងមាសបានហក់ឡើងថ្លៃ បន្ទាប់ពីមាន សេចក្តី រាយការណ៍ អំពី ភាពតានតឹងកាន់តែខ្លាំង នៅ តំបន់មជ្ឈិមបូព៌ា។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះ២,៤៦ភាគរយ គិតត្រឹមម៉ោង៩:៥៤នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ៣,៣១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,៧៩ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៨០ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,១៩ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ១,៤៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ២,៩១ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here