កម្ពុជាកំពុងឈានឆ្ពោះទៅសម្រេចបាននូវការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទនៅឆ្នាំ២០៣០

        ដោយៈ និស្ស័យ

        ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន បានដឹកនាំកិច្ចប្រជុំស្តីពី យុទ្ធសាស្ត្រផ្គត់ផ្គង់ទឹក និងអនាម័យនៅជនបទ ដើម្បីឈានទៅសម្រេចបាននូវការផ្គត់ផ្គង់ទឹក និងអនាម័យ​ជនបទ ១០០% នៅឆ្នាំ២០៣០។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៨ មេសាកន្លងមក ក៏ធ្វើឡើងដើម្បីពិនិត្យលើស្ថានភាព នៃកិច្ចសហប្រតិបត្តិការជាមួយអង្គការ និងដៃគូអភិវឌ្ឍន៍នានា និងដើម្បីពិនិត្យ ពិភាក្សាលើកផែនការយុទ្ធសាស្ដ្របន្ដដើម្បីសម្រេចការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតំបន់ជនបទឱ្យបាន១០០% នៅឆ្នាំ២០៣០ ជាពិសេសដើម្បីឆ្លើយតបទៅនឹងអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងឱកាសបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

យោងតាមរបាយការណ៍ របស់នាយកដ្ឋានជំនាញបានបង្ហាញថា គិតត្រឹមឆ្នាំ២០២៣ អត្រាគ្របដណ្តប់ទឹកស្អាតជនបទ ជាមូលដ្ឋានសម្រេចបាន៨៣.៣% និងអត្រាគ្របដណ្តប់អនាម័យជនបទជាមូលដ្ឋានសម្រេចបាន៨៦.៦% ដែលក្នុងនោះមានរាជធានី-ខេត្តចំនួន៦ បានសម្រេចបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល (ODF) រួមមាន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកែប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែករាជធានី-ខេត្តចំនួន៧ទៀត នឹងត្រៀមធ្វើការប្រកាសទទួលស្គាល់ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ផ្លូវការ គឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តសៀមរាប និងខេត្តកំពង់ធំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here