តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបាន ងើបឡើងថ្លៃ នៅព្រឹកថ្ងៃសុក្រនេះដោយសារភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានជំរុញឱ្យតម្រូវការមាសកើនឡើង បើទោះបីជាទិន្នន័យសេដ្ឋកិច្ចដ៏រឹងមាំរបស់សហរដ្ឋអាមេរិក បានបន្ទាបការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់យ៉ាងណាក្តី។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង២,១៥%ដល់២៤១១,៤៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង១,១៦ភាគរយដល់២៤២៥,៩ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៣នាទីព្រឹក។

លោក Everett Millman ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុន Gainesville Coins បានលើកឡើងថា“នៅពេលដែលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ អ្នកវិនិយោគនឹងសម្រុកទិញមាស។  ប្រសិនបើជម្លោះកាន់តែឡើងកំដៅ តម្លៃមាសអាចហក់ឡើងដល់ខ្ទង់២.៥០០ទៅ២.៦០០ដុល្លារ ក្នុងមួយអោន។ ប៉ុន្តែ ប្រសិនបើមានបទឈប់បាញ់ នោះតម្លៃមាសអាចធ្លាក់ចុះមកនៅត្រឹមកម្រិត២.២០០ដុល្លារក្នុងមួយអោន”។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសនៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់ត្រឹម១០៦,២៨ពិន្ទុ នៅថ្ងៃសុក្រនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង១,៦៥ភាគរយដល់២៨,៦៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង១,១៧ភាគរយដល់៩៤៥,៨៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៣៦ភាគរយដល់១០២៦,៥ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៧នាទីព្រឹកថ្ងៃសុក្រនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here