ចលនាភូមិ១ ផលិតផល១ នឹងទទួលបានការចុះបញ្ជីចូលជាសមាជិកថ្មីចំនួន៣០០បន្ថែមក្នុងឆ្នាំនេះ

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ  គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ក្នុងឆ្នាំ ២០២៤ នេះ នឹង​ទទួល​បាន​កា​រ​ចុះ​បញ្ជី​ចូល​ជាសមាជិកថ្មីចំនួន៣០០បន្ថែមទៀត ដែលនឹងធ្វើឲ្យ​ស្ថាប័ននេះ មានសមាជិកកាន់តែច្រើន នឹងមានផលិផល​កាន់​ច្រើន​សម្រាប់​លក់​លើ​ទីផ្សារ​។  លោកបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ លើក​ឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយភ្នាក់​ងារអ្នកយកព័ត៌មានស្តីពី ការចុះ​បញ្ជី​ផលិត​ផល​ចូល​ជា​សមាជិក នៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ផលិតផល១នេះថា ជុំវិញសហគ្រាស និង​សិប្បកម្ម​វេចខ្ចប់ក្នុងស្រុក គណៈកម្មាធិការជាតិបានខិតខំប្រឹងប្រែង និងជួយ​ជ្រោម​ជ្រែង​លើក​កម្ពស់​ ដល់សហគ្រាសក្នុងស្រុក ឲ្យបន្តក្នុងខ្សែច្រវាក់ផលិតកម្ម ដើម្បីផ្គត់​ផ្គង់​ទំនិញ​ចូល​ទីផ្សារ​ឲ្យ​បាន​កាន់​តែ​ច្រើន មានមុខរបរ និងជីវភាព រស់កាន់តែសមរម្យ។

លោកបន្តថា ជាក់ស្តែង​សមាជិក ​នៅ​ក្នុង​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ១​ផលិត​ផល​១ មកដល់បច្ចុប្បន្ន មានការរីកចម្រើនគួរកត់សម្គាល់ ក្នុងនោះ​ផលិតកម្ម​ជា​ច្រើន ​បាន​អនុវត្ត​ស្រប​តាម​ស្តង់​ដារត្រឹមត្រូវ ដោយបានគិតដល់បញ្ហាសុវត្ថិភាព គុណភាព និងអនាម័យ ហើយ​នៅ​ក្នុង​ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ រំពឹងថា នឹងទទួលបាន សមាជិក​បន្ថែមទៀត ដែលនឹងធ្វើឲ្យផលិតផល នៅក្នុងចលនាភូមិ១ផលិតផល១ មានកាន់​តែ​ច្រើន​ ដើម្បីរួមគ្នាផលិតរុញចូលទីផ្សារ ឲ្យបានកាន់តែច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គិតមក​ដល់​បច្ចុប្បន្ន ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ១​ផលិត​ផល​១ មានសមាជិកសរុបប្រមាណ៦០០ ក្រុមហ៊ុន/សហគ្រាស ហើយសមាជិក​នីមួយៗ ​មាន​ផលិតផលសម្រាប់ចែកចាយនៅតាមទីផ្សារ ចាប់ពី១ផលិតផលឡើងទៅ ក្នុង​នោះ​បើ​គិត​ជាផលិតផលសរុបមានប្រមាណ១ពាន់មុខរយ។

ក្នុងឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ផលិតផល១បានរំពឹងថា នឹងទទួលបាន​ការ​ចុះ​បញ្ជី​ជា​សមាជិក​ចំនួន ៣០០ក្រុមហ៊ុន/សហគ្រាស ដែលនឹងដែលអាច ធ្វើឲ្យមានផលិត​ផល​កាន់​តែ​ច្រើន ​សម្រាប់​លក់នៅលើទីផ្សារ និងការនាំចេញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here