ប្រធានសមាគមធនាគារអះអាងថា ឥណទានមិនដំណើរការកើនឡើងប៉ុន្តែស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ អត្រា​ឥណទាន​មិន​ដំណើរការ ​បាន​កើន​ឡើង​ដល់ ៥.៤% នៅ​ត្រឹម​ឆ្នាំ២០២៣ ប៉ុន្តែប្រធានសមាគមធនាគារកម្ពុជាបានអះអាងថា ស្ថានភាពនេះមិនទាន់ដល់កម្រិតប្រកាសអាសន្នទេ គឺស្ថិតក្នុងកម្រិតគ្រប់គ្រងបាន។

ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ លោក រ័ត្ន សោភ័ណបាន​ ​បញ្ជាក់កាលពីពេលថ្មីៗនេះ​ថា ទោះ​បី​អត្រា​​ឥណទាន​ មិន​ដំណើរការ​បាន​កើន​ឡើង​បន្តិច​បើ​ធៀប​ឆ្នាំ​២០២២ ប៉ុន្តែ​មិន​ទាន់​ដល់​កម្រិត​គោះ​ជួង​ ប្រកាស​អាសន្ន​នោះ​ទេ។

ថ្លែងនៅក្នុង​សន្និសីទ​ក្នុង​ខួប៣០ឆ្នាំ នៃ​ការ​បង្កើត​សមាគមធនាគារនៅ​កម្ពុជា លោក រ័ត្ន សោភ័ណ​ បាន​បញ្ជាក់ថា​ “បើ​ធៀប​ទំហំ​ និង​ផល​ប៉ះពាល់​ដល់់​សេដ្ឋកិច្ច បើ​ទោះ​បីអត្រា​ឥណទាន​មិន​ដំណើរការ​មានការ​​​កើន​ឡើង​ ប៉ុន្តែ​នៅ​កម្រិត​មួយ​អាច​គ្រប់គ្រងបាន​​”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ឡើង​ថា ក្នុងស្ថានភាព​វិបត្តិ វិស័យ​ដែល​ប៉ះពាល់ជាងគេ​​គឺ​វិស័យ​អចលនទ្រព្យ និង​ទេសចរណ៍។ ជាមួយ​គ្នានេះ​វិស័យ​លក់​រាយ​ក៏​រង​សម្ពាធ​​ពី​វិបត្តិ​នេះដែរ។

លោក រ័ត្ន សោភ័ណ ក្នុងពេល​​ប្រឈម​វិបត្តិ​ជំងឺ​កូវីដ ខាង​វិស័យ​ធនាគារ​មិន​ត្រឹម​តែ​ទប់ទល់ ប៉ុន្តែ​ក៏​ចូលរួម​ចំណែក​ជួយ​ដល់​អតិថិជន​ដូចជា​ការ​សម្រួល​​ការបង់​​ប្រាក់ ឬ​ពន្យារ​ពេល​ការ​បង់​សង​ជាដើម។ ជាមួយ​គ្នានេះ ក៏មាន​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ផង​ដែរ។

ជាមួយគ្នានេះ ក៏​មាន​អន្តរាគមន៍​​ពី​​ធនាគារ SME និង​សាជីវកម្មធានា​ឥណទាន​ ដែល​ស្ថាប័ន​ទាំង​ពីរនេះ បាន​ធ្វើការ​ជាមួយ​​ធនាគារ​ពាណិកម្ម ​ដើម្បី​ផ្តល់​ឥណទាន​ដល់​អាជីវកម្ម​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ក៏ដូចជា​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

លោក រ័ត្ន សោភ័ណ បាន​បន្ត​​ថា វិបត្តិ​កូវីដ​បាន​​ថមថយ ​និង​កន្លងផុត ប៉ុន្តែ​ផល​ប៉ះពាល់​មិន​ទាន់​បបញ្ចប់​​នៅ​ឡើយ​ទេ។ លើសពីនេះ ការ​កើត​​មាន​សង្រ្គាមរវាង​​រុស្សី និង​អ៊ុយក្រែន​ និង​ភាព​តានតឹង​ភូមិ​សាស្រ្ត​នយោបាយ​ ក៏​បានបង្កើន​បន្ទុកលើ​វិបត្តិ​បន្ថែមទៀត។

ឆ្លង​កាត់​វិបត្តិ​ជា​បន្ត​បន្ទាប់ វិស័យ​ធនាគារ​នៅ​កម្ពុជា​នៅ​បន្ត​ភាព​រឹងមាំ​ ដោយ​រក្សានូវសិ្ថរភាព​នៃ​ប្រព័ន្ធធនាគារ រួមជាមួយ​នឹងកំណើនដែលសម្រេចបានគួរជាទីមោទនៈ។

​សមាគមធនាគារ​នៅ​កម្ពុជាបាបឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ ទ្រព្យសកម្ម ​ក្នុង​ប្រព័ន្ធ​ធនាគារ​មាន​ទំហំ៨៤,៣ ប៊ីលាន​ដុល្លារអាមេរិក ឬជាង២៦៥ % នៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈ​ឥណទាន​អតិថិជន​កើនដល់៥៧,៦ប៊ីលានដុល្លារអាមេរិក ឬជាង១៨០% នៃផលិតផលិត​ផលក្នុងស្រុកសរុប។ រីឯប្រាក់បញ្ញើបានកើនឡើងដល់៤៧,៩ប៊ីលានដុល្លារអាមេរិកផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here