រដ្ឋាភិបាលអូស្ត្រាលីប្រកាសផ្តល់កញ្ចប់ប្រាក់កម្ចីដល់ក្រុមហ៊ុនផលិតកម្មរ៉ែសំខាន់ៗ

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលអូស្ត្រាលី គ្រោងនឹងផ្តល់ប្រាក់កម្ចីរាប់លានដុល្លារដល់គម្រោងរ៉ែសំខាន់ៗ ក្នុងគោលបំណងជំរុញឧស្សាហកម្មផលិតកម្មក្នុងស្រុក។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានចិន Xinhua។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Don Farrell និងរដ្ឋមន្ត្រីក្រសួងធនធានរ៉ែ លោកស្រី Madeleine King បានប្រកាសផ្តល់ប្រាក់កម្ចីចំនួន៣៧៥,៦លានដុល្លារអាមេរិក សម្រាប់គម្រោងរ៉ែសំខាន់ៗចំនួន២ នៅក្នុងរដ្ឋ Queensland និងរដ្ឋ South Australia (SA) ។

កញ្ចប់ប្រាក់កម្ចីដ៏ធំបំផុត ដែលមានតម្លៃ២៥៦,៨លានដុល្លារអាមេរិក) នឹងប្រគល់ទៅឱ្យក្រុមហ៊ុនអូស្ត្រាលី Alpha HPA ដើម្បីជួយបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូ ដែលមានភាពបរិសុទ្ធខ្ពស់ដំបូងបង្អស់របស់ប្រទេសអូស្ត្រាលី នៅក្នុងរដ្ឋQueensland។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក ប្រាក់កម្ចីដែលនៅសេសសល់ ចំនួន១១៨,៨លានដុល្លារអាមេរិក) នឹងត្រូវបានប្រគល់ដល់ក្រុមហ៊ុន Renascor Resources ដើម្បីពន្លឿនផែនការរបស់ក្រុមហ៊ុននេះ ក្នុងការសាងសង់រោងចក្រក្រាហ្វិចនៅក្នុងរដ្ឋSouth Australia។

គម្រោងទាំង២នេះ នឹងមានសមត្ថភាពផលិតសារធាតុរ៉ែសំខាន់ៗ ដែលប្រើប្រាស់នៅក្នុងអាគុយលីចូម-អ៊ីយ៉ុង ដែលត្រូវការជាចាំបាច់ សម្រាប់ការផលិតរថយន្តអគ្គិសនី និងបច្ចេកវិទ្យាថាមពលកកើតឡើងវិញ។

សេចក្តីប្រកាសនេះបានធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី  Anthony Albanese បានបង្ហាញផែនការគោលនយោបាយបៃតងកាលពីដើមខែមេសាកន្លងទៅ ដើម្បីបង្កើនថាមពលស្អាត និងផលិតកម្មកម្រិតខ្ពស់ របស់ប្រទេសអូស្ត្រាលី ដោយប្រើប្រាស់ការគាំទ្រពីរដ្ឋាភិបាលដោយផ្ទាល់៕ប្រភព:Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here