តម្លៃប្រេងធ្លាក់ចុះ ខណៈការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីបានប្រឈមភាពមិនច្បាស់លាស់ នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះ នៅថ្ងៃពុធនេះ ដោយសារក្តីបារម្ភអំពីការធ្លាក់ចុះនៃតម្រូវការប្រេងសកល ខណៈសន្ទុះសេដ្ឋកិច្ចចិនថយចុះ និងការបន្ទាបការរំពឹងទុកសម្រាប់ការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិកក្នុងរយៈពេលដ៏ខ្លីខាងមុខ។

តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែមិថុនាបានធ្លាក់ចុះ៧សេន មកនៅត្រឹម៨៩,១៦ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0042 GMT ខណៈតម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិកសម្រាប់ចែកចាយនៅខែឧសភាបានធ្លាក់ចុះ១០សេន មកនៅត្រឹម៨៥,២៦ដុល្លារក្នុងមួយបារ៉ែល។

យោងតាមរបាយការណ៍របស់ក្រសួងការងារអាមេរិកបានបង្ហាញថា នៅក្នុងខែមីនា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI)បានកើនឡើង០,៤% លើមូលដ្ឋានប្រចាំខែ បើធៀបនឹងការព្យាករណ៍ត្រឹមតែ០,៣% ដែលការណ៍នេះបានដាក់សម្ពាធទៅលើទស្សនវិស័យអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

លោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Kitco Metals បានលើកឡើងថា ប្រសិនបើភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ាថយចុះ នោះទីផ្សារនឹងងាកទៅផ្តោតលើគោលនយោបាយរបស់ធនាគារ Fed ។ ប៉ុន្តែ វាច្បាស់ណាស់ថា ធនាគារ Fed នឹងមិនអាចកាត់បន្ថយអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះនោះទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសនៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃយ៉ាងគំហុកដល់១០៦,៣៣ពិន្ទុ នៅថ្ងៃពុធនេះ។

ចំណែកឯ ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីបានប្រឈមភាពមិនច្បាស់លាស់ នៅព្រឹកថ្ងៃពុធនេះ
ខណៈប្រាក់ដុល្លារងើបឡើងថ្លៃ ដោយសារការថយចុះនៃការរំពឹងទុករបស់អ្នកវិនិយោគចំពោះការបញ្ចុះអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,២៥ភាគរយ គិតត្រឹមម៉ោង៩:២៨នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,២៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,២៣ភាគរយ។

ប៉ុន្តែ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,៣៨ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,៩២ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,២២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,២៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here