សារព័ត៌មានបរទេសៈខេត្តសៀមរាបជាគោលដៅទេសចរណ៍ចំណាយតិចបំផុតសម្រាប់វិស្សមកាលរដូវក្តៅ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តំបន់អាស៊ី មានគោលដៅទេសចរណ៍ជាច្រើនរាប់មិនអស់ ដែលសាកសមសម្រាប់វិស្សមកាលរដូវក្តៅ ជាមួយនឹងវប្បធម៌ដ៏សម្បូរបែប ទេសភាពដ៏ស្រស់ស្អាត និងកន្លែងប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍។

ខាងក្រោមនេះ ជាគោលដៅទេសចរណ៍ចំនួន៥ នៅតំបន់អាស៊ីដែលភ្ញៀវទេសចរណ៍ អាចចំណាយសមរម្យបំផុត សម្រាប់មកលំហែ នាវិស្សមកាលរដូវក្តៅ  ដែលចងក្រងឡើងដោយកាសែតបរទេស The Daily Star ដែលមានមូលដ្ឋាននៅប្រទេសបង់ក្លាដែស។

ទី១. ទីក្រុងCebu ប្រទេសហ្វីលីពីន

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងនាមជាគោលដៅទេសចរណ៍ វិស្សមកាលរដូវក្តៅ ដែលចំណាយសមរម្យបំផុត ទីក្រុង Cebu ជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ប្រទេសហ្វីលីពីន។

ឆ្នេរខ្សាច់ពណ៌សដ៏បរិសុទ្ធ ទឹកជ្រោះធ្លាក់ដ៏ស្រស់ស្អាត សមុទ្រដ៏ស្រស់បំព្រង សួនឧទ្យានផ្សងព្រេង និងសកម្មភាពខាងក្រៅជាច្រើន កំពុងរង់ចាំអ្នកធ្វើដំណើរទៅកាន់ទីក្រុងមួយនេះ។

ភ្ញៀវទេសចរណ៍អាចទៅទស្សនាទីក្រុង Cebu ចាប់ពី៣ទៅ៧ថ្ងៃ ដោយចំណាយប្រាក់អស់តិចបំផុត។ សម្រាប់វិស្សមកាលរយៈពេលមួយសប្តាហ៍ ភ្ញៀវទេសចរណ៍អាចចំណាយប្រាក់ ជាមធ្យម៤៤៦ដុល្លារ។

ទី២. ទីក្រុង Goa ប្រទេសឥណ្ឌា

ភ្ញៀវទេសចរណ៍ ដែលមានបំណងសម្រាកលំហែកាយ នៅពេលវិស្សមកាល គួរតែទៅទស្សនាទីក្រុងGoa ដែលជារដ្ឋតូចបំផុតនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែទីក្រុងនេះ ជាគោលដៅទេសចរណ៍ដ៏ពេញនិយម។ នៅទីនោះ ភ្ញៀវទេសចរណ៍ អាចសម្រាកលំហែកាយនៅតាមខ្ទមមាត់សមុទ្រ ហើយថែមទាំងអាចរីករាយជាមួយនឹងការសម្រាកលំហែជីវិតផងដែរ។

សម្រាប់វិស្សមកាលរយៈពេលមួយសប្តាហ៍ ភ្ញៀវទេសចរណ៍អាចចំណាយប្រាក់ជាមធ្យម២២៩ដុល្លារ។

ទី៣. ខេត្តសៀមរាប ប្រទេសកម្ពុជា

ខេត្តសៀមរាបគឺជាត្បូងមួយគ្រាប់ ដែលមានប្រាសាទបុរាណដ៏អច្ឆរិយៈ ហាងកាហ្វេ និងដងស្ទឹងដ៏ស្ងប់ស្ងាត់។ ក្រៅពីប្រាសាទអង្គរវត្ត ភ្ញៀវទេសចរណ៍ក៏អាចទៅទស្សនា ភូមិបណ្តែតទឹកទន្លេសាប និងផ្សាររាត្រីនៅខេត្តសៀមរាប ដើម្បីទទួលបាននូវបទពិសោធន៍ ដែលរួមបញ្ចូលគ្នានូវភាពទំនើប ទាន់សម័យជាមួយនឹងភាពបុរាណ។

ភ្ញៀវទេសចរណ៍មកទស្សនា នៅខេត្តសៀមរាបអាចចំណាយប្រាក់ត្រឹមតែ៧៣ដុល្លារប៉ុណ្ណោះ ក្នុងមួយសប្តាហ៍សម្រាប់ការដឹកជញ្ជូន និងថ្លៃម្ហូបអាហារ។ លើសពីនេះ ភ្ញៀវទេសចរណ៍អាចចំណាយត្រឹមតែ៩១ដុល្លារប៉ុណ្ណោះ សម្រាប់ការទស្សនា និងការកម្សាន្ត។

ទី៤. ទីក្រុង Nha Trang ប្រទេសវៀតណាម

ទីក្រុង Nha Trang ជាគោលដៅដ៏ល្អឥតខ្ចោះ សម្រាប់ភ្ញៀវទេសចរណ៍ ដែលមានបំណងមកលេងកំសាន្ត តាមតំបន់ឆ្នេរសមុទ្រ។ ទីក្រុង Nha Trang មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ថ្មប៉ប្រះទឹក ផ្កាថ្មដែលមិនចេះរីងស្ងួត និងបណ្តុំកោះជាច្រើន គឺជាគោលដៅល្អសម្រាប់ការធ្វើដំណើរកម្សាន្តនារដូវក្តៅ ដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន។ ភ្ញៀវទេសចរណ៍អាចសម្រាកវិស្សមកាល រយៈពេលមួយសប្តាហ៍នៅទីក្រុង Nha Trang ដោយចំណាយប្រាក់អសប្រហែល២៧៤ដុល្លារ។

ទី៥. ទីក្រុង Dushanbe ប្រទេសតាជីគីស្ថាន

លោកអ្នក​អាច​ពិចារណា​ទៅ​ទស្សនា​រដ្ឋធានី Dushanbe របស់​ប្រទេសតាជីគីស្ថាន សម្រាប់​វិស្សមកាល​នារដូវក្តៅ។  ទីក្រុងនេះបានបង្កប់នូវស្នាដៃសិល្បៈ សម័យសូវៀតដ៏ចម្លែក និងអគារដ៏ប្រណីតនៅតាមដងផ្លូវ ដែលមានដាំដើមដើមឈើជាជួរៗ។

ភ្ញៀវទេសចរណ៍ អាចសម្រាកវិស្សមកាល រយៈពេលពេញ១សប្តាហ៍ នៅទីក្រុងDushanbe ដោយចំណាយប្រាក់ប្រហែល៣៤៦ដុល្លារ៕ប្រភព:The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here