ប្រមុខកាទូតកម្ពុជាជួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ានដោយលើកឡើងនូវកិច្ចសហប្រតិបត្តិការយ៉ាងរ៉ឹងមាំ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកសុខ ចិន្តាសោភា បានទទួលជួបពិភាក្សាការងារ ជាមួយលោកជំទាវ HOU Yanqi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំអាស៊ាន។

ក្នុងឱកាសដែលលោកជំទាវឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ភាគីទាំងពីរបានកោតសរសើរ ចំពោះសន្ទុះដ៏ល្អនៃទំនាក់ទំនងអាស៊ាន-ចិន ហើយបានរំលឹកឡើងវិញ នូវសេចក្តីសម្រេចនានារបស់ថ្នាក់ដឹកនាំ ស្តីពីការបង្កើតភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន កាលពីឆ្នាំ២០២១ ប្រកបដោយអត្ថន័យខ្លឹមសារ និងផ្តល់ ប្រយោជន៍ទៅវិញទៅមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីទាំងពីរ បានស្វាគមន៍ឆ្នាំ២០២៤ ដែលត្រូវបានកំណត់យកជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងអាស៊ាន-ចិន» ហើយទន្ទឹងរង់ចាំ នូវការអនុវត្តសកម្មភាព និងគម្រោងនានាប្រកប ដោយជោគជ័យ ដើម្បីពង្រីក និងធ្វើឱ្យកាន់តែទូលំទូលាយនូវទំនាក់ទំនង ព្រមទាំងជំរុញការប្រាស្រ័យទាក់ទងគ្នារវាងអាស៊ាន និងចិន។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃមាគ៌ាអាស៊ាន (ASEAN Way)  ការពិគ្រោះយោបល់ និងការសម្រេ​ចចិត្តផ្អែកលើកុងសង់ស៊ីស ដែលមានចែងក្នុងធម្មនុញ្ញ អាស៊ាន ដោយសង្កត់ធ្ងន់លើលក្ខណៈពិសេស តែមួយរបស់អាស៊ាន និងការរក្សាបាននូវមជ្ឈភាព និងឯកភាពអាស៊ាន នៅក្នុងទំនាក់ទំនងអាស៊ានជាមួយដៃគូរបស់ខ្លួន។

លោកជំទាវឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះតួនាទីយ៉ាងសកម្មរបស់កម្ពុជាក្នុងកិច្ច ខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងបានទទួលស្គាល់ ពីសារសំខាន់របស់អាស៊ានក្នុងការ រក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងលើកកម្ពស់កំណើននៅក្នុងតំបន់ និងបានអះអាងជាថ្មីម្តងទៀតពីការគាំទ្រ និងការគោរពយ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិនចំពោះមជ្ឈភាព និងឯកភាពអាស៊ាន។

លោកឧបនាយករដ្ឋមន្ត្រីសុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសំខាន់នៃគំនិត ផ្តួចផ្តើម ការអភិវឌ្ឍសក​ល (Global Development Initiative-GDI) របស់ប្រទេសចិន ក៏ដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រកម្ពុជា-ចិន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ថាមពល និងការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការបន្តការគាំទ្រ របស់ប្រទេសចិនសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។

លោកជំទាវឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការប្តេជ្ញា ចិត្តយ៉ាងខ្លាំងរបស់ចិន ចំពោះកិច្ចសហប្រតិបត្តិការ ប្រកបដោយគុណភាពជាមួយកម្ពុជាក្រោម ក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI)៕

LEAVE A REPLY

Please enter your comment!
Please enter your name here