ជញ្ជីងពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសមួយចំនួនចាប់ផ្តើមមានតុល្យភាពហើយនៅដើមឆ្នាំនេះ

ដោយ: គង់ លាងហួរ

ភ្នំពេញ: អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបញ្ជាក់ថា កម្ពុជាបាននាំចេញផលិតផល ក្នុងទំហំទឹកប្រាក់ប្រមាណ៦,២៦ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី១ កើនឡើង១៨ភាគរយ ពី៥,៣ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍មួយ ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹង​ទៀតថា ផលិតផល​សំខាន់​ៗ ដែល​ត្រូវបាននាំ​ចេញ​ រួម​មាន​ដូចជា សម្លៀក​បំពាក់ ស្បែកជើង ផលិតផលធ្វើ​ដំណើរ កង់ និង​ទំនិញ​កសិកម្ម​មួយ​ចំនួន​ដូច​ជា អង្ករ កៅស៊ូ ដំឡូងមី ចេក និង​ស្វាយជាដើម។

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបន្ថែមថា គោលដៅនាំចេញកំពូលទាំង៥របស់កម្ពុជា នៅត្រីមាសទី១ រួមមានដូចជា សហរដ្ឋអាមេរិក ប្រទេសវៀតណាម ប្រទេសចិន ប្រទេសជប៉ុន និងប្រទេសថៃ។ទន្ទឹមនឹងនេះ កម្ពុជាសម្រេចបានការនាំចូល ក្នុងទំហំទឹកប្រាក់សរុបចំនួន៦,២៣ពាន់លានដុល្លារ ក្នុងអំឡុងខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៤នេះ កើនឡើង៦,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ខាងលើបានគូសបញ្ជាក់ថា ទំនិញនាំចូលសំខាន់ៗរបស់កម្ពុជា រួមមាន ប្រេងឥន្ធនៈ វត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ យានជំនិះ គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក និងផលិតផលប្រើប្រាស់ ព្រមទាំងទំនិញជាច្រើនមុខផ្សេងៗទៀត។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) បានចាក់បញ្ចូលកម្លាំងជំរុញយ៉ាងខ្លាំងក្លា ទៅក្នុងកំណើនពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។

លោកបានបន្ថែមថា “កំណើនពាណិជ្ជកម្មរបស់យើង នឹងបន្តកើនឡើងពេញមួយឆ្នាំនេះ និងលើសពីនេះ  ដែលជំរុញដោយការអនុគ្រោះពន្ធ ក្រោមកិច្ចព្រមព្រៀងដោយ RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន”៕ប្រភព:Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here