តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បើទោះបីជាទិន្នន័យបង្ហាញថា អត្រាអតិផរណាប្រចាំខែមីនា នៅសហរដ្ឋអាមេរិក បានកើនឡើងក្នុងកម្រិតខ្ពស់ជាងការរំពឹងទុកយ៉ាងណាក្តី។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣៣%ដល់២៣៤០,៤៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤៥ភាគរយដល់២.៣៥៩ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៣៦នាទីព្រឹក។

ក្រុមប្រឹក្សាមាសពិភពលោកបានសរសេរនៅក្នុងកំណត់ត្រាមួយថា “មូលដ្ឋានគ្រឹះ ដែលជំរុញឱ្យតម្លៃហាងឆេងមាសហក់ឡើងខ្ពស់ នាពេលបច្ចុប្បន្ន រួមមាន កត្តាហានិភ័យភូមិសាស្ត្រនយោបាយ ការទិញមាសដោយបណ្តាធនាគារកណ្តាល និងតម្រូវការគ្រឿងអលង្ការ”។

យោងតាមរបាយការណ៍របស់ក្រសួងការងារអាមេរិកបានបង្ហាញថា នៅក្នុងខែមីនា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI)បានកើនឡើង០,៤% លើមូលដ្ឋានប្រចាំខែ បើធៀបនឹងការព្យាករណ៍ត្រឹមតែ០,៣% ដែលការណ៍នេះបានដាក់សម្ពាធទៅលើទស្សនវិស័យអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន១៨ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃយ៉ាងគំហុកដល់១០៥,១៣ពិន្ទុ នៅថ្ងៃព្រហស្បតិ៍នេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,០២ភាគរយដល់២៧,៩៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៧៤ភាគរយដល់៩៦៦,៨៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,១១ភាគរយដល់១.០៥២ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៦នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here