ទីក្រុងហុងកុងបន្តរក្សាតំណែងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិធំបំផុតទី៤ ក្នុងពិភពលោកប្រចាំឆ្នាំ២០២៤

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុងហុងកុង បន្តជាប់ចំណាត់ថ្នាក់ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិធំបំផុតទី៤ នៅលើពិភពលោក ប្រចាំឆ្នាំ២០២៤ ខណៈទីក្រុងនេះ បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងផ្នែកហិរញ្ញវត្ថុរបស់ខ្លួន តាមរយៈការដាក់ឱ្យអនុវត្តន៍វិធានការផ្សេងៗ។

យោងតាមសន្ទស្សន៍ស្តីពី មជ្ឈមណ្ឌលហិរញ្ញវត្ថុសកលប្រចាំឆមាស ដែលបោះពុម្ពលើកទី៣៥ ដោយក្រុមហ៊ុន Z/Yen Group ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ និងវិទ្យាស្ថានអភិវឌ្ឍន៍ចិន ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បានបង្ហាញថា ហុងកុងជាប់ចំណាត់ថ្នាក់ទី៤ ក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុទាំង១២១ ជុំវិញពិភពលោក។

អ្នកនាំពាក្យរដ្ឋបាលក្រុងហុងកុង បានលើកឡើងថា ទីក្រុងហុងកុង បានរក្សាលក្ខណៈជាអន្តរជាតិរបស់ខ្លួន និងដើរតួនាទីជាស្ពានតភ្ជាប់ចិនដីគោក ទៅកាន់ពិភពលោក និងធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងកំណែទម្រង់ហិរញ្ញវត្ថុ និងការបើកចំហ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាំពាក្យបន្តថា គំនិតផ្តួចផ្តើមគោលនយោបាយជាបន្តបន្ទាប់ត្រូវបានប្រកាស នៅក្នុងថវិកាឆ្នាំ២០២៤-២០២៥ ក្នុងគោលបំណងធ្វើសមាហរណកម្មរដ្ឋាភិបាល ដែលមានសមត្ថភាព និងទីផ្សារប្រក​បដោយប្រសិទ្ធភាព និងលើកកម្ពស់ការអភិវឌ្ឍ ទីផ្សារហិរញ្ញវត្ថុរបស់ទីក្រុងហុងកុង ឱ្យកាន់តែខ្ពស់ឡើងថែមទៀត។

ចំណែកទីក្រុងញូវយ៉ក បានជាប់ចំណាត់ថ្នាក់លេខ១ ជាមជ្ឈ​មណ្ឌលហិរញ្ញវត្ថុ ដែលមានភាពប្រកួតប្រជែងបំផុត របស់ពិភពលោក តាមពីក្រោយដោយទីក្រុងឡុងដ៍ ទីក្រុងសិង្ហបុរី ទីក្រុងហុងកុង និងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។

ចំណែកទីក្រុងសៀងហៃ ឈរនៅលេខរៀងទី៦ និងទីក្រុង Shenzhen ឈរនៅលេខរៀងទី១១ ទូទាំងពិភពលោក ខណៈដែលទីក្រុងប៉េកាំង បានធ្លាក់ចុះចំនួន២ចំណាត់ថ្នាក់ មកឈរនៅលេខរៀងទី១៥។

សន្ទស្សន៍ចំណាត់ថ្នាក់ទាំងនេះ ត្រូវបានវាយតម្លៃ ដោយផ្អែកលើកម្រងសំណួរតាមអ៊ីនធឺណេតជាសកល ហើយប្រើប្រាស់កត្តាឧបករណ៍(Instrumental factors)ចំនួន១៤៥ ដែលផ្តល់ដោយភាគីទី៣ រួមមានធនាគារពិភពលោក អង្គភាពស៊ើបការណ៍សម្ងាត់សេដ្ឋកិច្ច(EIU) អង្គការ OECD និងអង្គការសហប្រជាជាតិ៕ប្រភព:The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here