ច្បាប់ស្តីពីការវិនិយោគត្រូវបានផ្សព្វផ្សាយក្នុងសហគមន៍អ្នក ធុរកិច្ចមកពីទូទាំងប្រទេស

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ការចូលរួមពីលោក លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន អនុគណៈកម្មាធិការវិនិយោគរា​ជធានី-ខេត្តទាំង២៥ សមាគមឧកញ៉ា សភាពាណិជ្ជកម្មកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យ​មកម្ពុជា និងតំណាងវិស័យឯកជនពាក់ព័ន្ធប្រមាណ២៥០រូប ដែលជាក្រុមសហគមន៍អ្នកធុរកិច្ចកម្ពុជា។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការវិនិយោគ ពិសេសនីតិវិធីនៃការអនុវត្តច្បាប់-លិខិតបទដ្ឋានពាក់ព័ន្ធ នីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ និងការលើកទឹកចិត្តវិនិយោគ ជូនដល់អង្គពិធីទាំងមូល តាមរយៈការធ្វើបទបង្ហាញរបស់ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា ក.អ.ក.។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជាថ្មី ជាច្បាប់វិនិយោគ ដែលមានភាពបើកចំហរ ជូនចំពោះគ្រប់វិនិយោគិន មិនថាទាំងវិនិយោគិនខ្មែរ ឬបរទេស ដោយច្បាប់ថ្មីនេះត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។

ជាពិសេសធនាគារពិភពលោក (World Bank) បានលើកឡើងថា ច្បាប់វិនិយោគកម្ពុជា ជាច្បាប់ដែលមានភាពបើកចំហរទូលំទូលា យជាងគេនៅក្នុងតំបន់ សម្រាប់វិនិយោគិន។

ក្នុងសុន្ទរកថាគន្លឹះរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លោកស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ លើការប្រើប្រាស់សម្លេងតែមួយរួមគ្នា ក្នុងការទាក់ទាញវិនិយោគិន ដោយត្រូវលើកបង្ហាញឱ្យបាន  គ្រប់ជ្រុងជ្រោយអំពីសក្ដានុពលដែលកម្ពុជាមាន ដូចជា សុខសន្តិភាព ស្ថិរភាពនយោបា យ កំណើនសេដ្ឋកិច្ច ស្ថិរភាពអត្រាប្ដូរប្រាក់ មូលធនមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ភាពបើកចំហរនៃច្បាប់វិនិយោគជូនដល់វិនិយោគិន, ការយកចិត្តទុកដាក់រៀបចំវេទិកា រដ្ឋាភិបាលនិងផ្នែកឯកជន សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា របស់វិនិយោគិនស្ថានភាពទីផ្សាររបស់កម្ពុជា ដែលភ្ជាប់ទៅកាន់ពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន រួមមាន អាស៊ាន (AFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBAជាដើម។

បច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងរៀបចំបន្ថែមទៀតលើការផលិតវីដេអូផ្សព្វផ្សាយ អំពីសក្ដានុពលរបស់កម្ពុជា ក៏ដូចជារៀបចំប្រព័ន្ធបច្ចេកវិទ្យាចុះបញ្ជី គម្រោងវិនិយោគមួយដែលនឹងធ្វើការតភ្ជាប់ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅផ្ដល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធិភាពបន្ថែមទៀតជូនវិនិយោគិន។

សិក្ខាសាលានេះ អនុញ្ញាតឱ្យអ្នកចូលរួមបានជ្រួតជ្រាបយ៉ាងស៊ីជម្រៅអំពីច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងទទួលស្គាល់លើការប្រើប្រាស់ភាសាតែមួយ សម្លេងតែមួយ សម្រាប់ការចែករំលែកព័ត៌មាន នៃសក្ដានុពលរបស់កម្ពុជាទាក់ទាញវិនិយោគិន ស្របតាមការលើកឡើង របស់លោកឧបនាយករដ្ឋមន្ត្រី៕

LEAVE A REPLY

Please enter your comment!
Please enter your name here