តម្លៃប្រេងស្ថិតក្នុងសភាពទ្រឹង ខណៈការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីបានប្រឈមភាពមិនច្បាស់លាស់ នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃពុធនេះ ខណៈកំណើននៃស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក បានកាត់បន្ថយការព្រួយបារម្ភអំពីការផ្គត់ផ្គង់ ដោយសារតែភាពមិនច្បាស់លាស់លើកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

តម្លៃប្រេងឆៅ Brent futures បានស្ថិតនៅទ្រឹងត្រឹម៨៩,៤២ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0010 GMT ខណៈដែលតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង២សេនដល់៨៥,២៥ដុល្លារក្នុងមួយបារ៉ែល។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៦០ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,១០ពិន្ទុ នៅថ្ងៃពុធនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីបានប្រឈមភាពមិនច្បាស់លាស់ នៅព្រឹកថ្ងៃពុធនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលរបាយការណ៍ស្តីពីអតិផរណារបស់សហរដ្ឋអាមេរិកប្រចាំខែមីនា ដែលអាចផ្តល់តម្រុយលើគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed)។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,៧៥ភាគរយ គិតត្រឹមម៉ោង១០:០៣នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,២៧ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៨៧ភាគរយ។

ចំណែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 បានធ្លាក់ថ្លៃចុះ០,៣២ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន shanghai Composite របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,២៨ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៥៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានបិទការជួញដូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here