តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃពុធនេះ ដោយសារធនាគារកណ្តាលនានាបានសម្រុកបង្កើនទុនបម្រុងមាស គួបផ្សំនឹងភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ា ខណៈអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យស្តីពីសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI)របស់សហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម២៣៤៩,៩៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២៥ភាគរយដល់២៣៦៨,២ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៥នាទីព្រឹក។

លោក Phillip Streible ប្រធានអ្នកយុទ្ធសាស្រ្តទីផ្សារនៅក្រុមហ៊ុន Blue Line Futures បានលើកឡើងថា“ការទិញមាសនឹងបន្តមានសន្ទុះ លុះត្រាតែសន្ទស្សន៍ CPI កើនឡើងខ្ពស់ជាងការរំពឹងទុក ទើបតម្រូវការមាសអាចនឹងថយចុះទៅវិញ”។

អ្នកយុទ្ធសាស្រ្តទីផ្សាររូបនេះបានបន្ថែមថា ប្រសិនបើរបាយការណ៍បង្ហាញថា អតិផរណានៅខែមីនារបស់សហរដ្ឋអាមេរិកធ្លាក់ចុះ នោះការណ៍នេះអាចជំរុញឱ្យតម្លៃហាងឆេងមាសហក់ឡើងដល់២.៤០០ដុល្លារក្នុងមួយអោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមប្រឹក្សាមាសពិភពលោកបានសរសេរនៅក្នុងកំណត់ត្រាមួយថា “មូលដ្ឋានគ្រឹះ ដែលជំរុញឱ្យតម្លៃហាងឆេងមាសហក់ឡើងខ្ពស់ នាពេលបច្ចុប្បន្ន រួមមាន កត្តាហានិភ័យភូមិសាស្ត្រនយោបាយ ការទិញមាសដោយបណ្តាធនាគារកណ្តាល និងតម្រូវការគ្រឿងអលង្ការ”។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៦០ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,១០ពិន្ទុ នៅថ្ងៃពុធនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,២៦ភាគរយដល់២៨,០៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,១៨ភាគរយដល់៩៧៧,៣០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៣៧ភាគរយដល់១០៨៨,៧៥ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៧នាទីព្រឹកថ្ងៃពុធនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here