មន្រ្តីជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចនៅប្រទេសចិន ស្របពេលក្រុមហ៊ុនធំមួយនឹងមកសិក្សាឱកាសវិនិយោគនៅកម្ពុជា

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម លោកកៅ កោសលបានអញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងជឹងចូវ ខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន។

ដំណើរទស្សនកិច្ចនៅទីក្រុងជឹងចូវ ខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេ​សជាមួយខេត្តហឺណាន។

គណៈប្រតិភូកម្ពុជា កាលពីចុងសប្តាហ៍មុន បានជួបពិភាក្សាការងារជាមួយ លោក Sun Jinglin អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តហឺណាន និង លោក Zhang Peixian អនុប្រធានក្រុមហ៊ុន Henan Agriculture Investment Group Co., Ltd. បន្ទាប់មក៏បានជួបពិភាក្សាការងារជាមួយ លោកHe Xiong លេខារងបក្សកម្មុយនីស្តចិននៃទីក្រុងជឹងចូវ និងជាអភិបាលទីក្រុងជឹងចូវ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម និងជំរុញការវិនិយោគដើម្បីនាំចេញកសិផល និងផលិតផលសក្ដានុពលកម្ពុជា ទៅកាន់ខេត្តហឺណាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក ក្នុងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ លោកកៅ កោសល ក៏បានធ្វើទស្សនកិច្ចនៅទីផ្សារបោះដុំធំជាងគេ នៅខេត្តហឺណាន ដែលមានលក់ផលិតផលកសិកម្ម បន្លែ ផ្លែឈើ និងផលិតផលចម្រុះជាច្រើនមុខផងដែរ។

ក្រុមហ៊ុន Henan Agriculture Investment Group Co., Ltd. និងក្រុមហ៊ុន Zhengzhou Chen’s Sun Fruit and Vegetable Trade Co., Ltd. គឺជាក្រុមហ៊ុនចែកចាយផលិតផលកសិកម្មធំជាងគេ នៅខេត្តហឺណាន ហើយភាគីក្រុមហ៊ុនខាងលើ នឹងមកទស្សនកិច្ចនៅកម្ពុជាក្នុងពេលឆាប់ៗនេះ ដើម្បីពិនិត្យលទ្ធភាពធ្វើការវិនិយោគ នាំចេញផលិតផល កសិកម្ម និងផលិតផលកសិកម្មកែច្នៃពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here