តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃព្រមគ្នា នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើង នៅថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគមិនសូវមានក្តីសង្ឃឹមអំពីការចរចារវាងប្រទេសអុីស្រាអែល និងក្រុមហាម៉ាស ដែលអាចនាំទៅរកបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងបន្ធូរបន្ថយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង៤០សេនដល់៩០,៧៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0032 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង៣៤សេនដល់៨៦,៧៨ដុល្លារក្នុងមួយបារ៉ែល។

នាយកដ្ឋានការងារអាមេរិកបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន ថា អត្រាអ្នកមានការងារធ្វើ ក្រៅពីវិស័យកសិកម្មបានកើនឡើងចំនួន៣០៣.០០០កន្លែងកាលពីខែមីនា ដែលការណ៍នេះបង្ហាញថា សេដ្ឋកិច្ចអាមេរិកនៅតែមានភាពរឹងមាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Bart Melek ប្រធានផ្នែកយុទ្ធសាស្រ្តនៅក្រុមហ៊ុន TD Securities បានលើកឡើងថា “ទីផ្សារនៅតែមើលឃើញឱកាសសម្រាប់ការបញ្ចុះអត្រាការប្រាក់នៅក្នុងខែមិថុនាខាងមុខ។ ប៉ុន្តែប្រសិនបើ ទិន្នន័យសេដ្ឋកិច្ចអាមេរិកបន្តបង្ហាញសញ្ញារឹងមាំ នោះធនាគារ Fed អាចនឹងពន្យារពេលក្នុងការកាត់បន្ថយអត្រាការប្រាក់”។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៤៩,១ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,១៣ពិន្ទុ នៅថ្ងៃអង្គារនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរ នៅព្រឹកថ្ងៃអង្គារនេះ នៅមុនពេលចេញផ្សាយនូវទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកនៅសប្តាហ៍នេះ និងកិច្ចប្រជុំនៃធនាគារកណ្តាលអឺរ៉ុប(ECB)។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,៤៦ភាគរយ គិតត្រឹមម៉ោង៩:៤៩នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៤៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៦០ភាគរយ។

ចំណែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 បានធ្លាក់ថ្លៃចុះ០,៤៣ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន shanghai Composite របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៣៧ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៤៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,១២ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here