ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សShimao នៅទីក្រុង ហុងកុង ប្រឈមហានិភ័យនៃការំលាយចោល

ដោយ: គង់ លាងហួរ

អន្តរជាតិ: ធនាគាររដ្ឋចិនមួយ បានដាក់ញត្តិស្នើសុំរំលាយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្ស Shimao Group Holdings នៅក្នុងទីក្រុងហុងកុង ដែលជាសញ្ញាណថ្មីចុងក្រោយបំផុត នៃវិបត្តិអចលនទ្រព្យរបស់ប្រទេសចិន។

ជាមួយគ្នានេះ ក្រុមអ្នកវិភាគក៏បានចោទជាសំណួរឡើង អំពីជោគវាសនានៃគម្រោង “ចុះបញ្ជីស” ដែលដាក់ចេញដោយរដ្ឋាភិបាលចិន ក្នុងគោលបំណងជួយផ្តល់ហិរញ្ញប្បទាន ដល់អ្នកអភិវឌ្ឍន៍ផងដែរ។

ធនាគារសំណង់ចិន (China Construction Bank) បានដាក់ញ្ញត្តិ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីរំលាយក្រុមហ៊ុន Shimao ខណៈក្រុមហ៊ុននេះ មិនទាន់បានទូទាត់សងបំណុល ប្រមាណ២០១,៨លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

SHIMAO SERVICES

លោក Jeff Zhang អ្នកវិភាគនៅក្រុមហ៊ុន Morningstar Inc បានលើកឡើងថា “វាអាចទៅរួច ដែលម្ចាស់បំណុលកំពុងព្យាយាមប្រើប្រាស់សំណើសុំរំលាយក្រុមហ៊ុន Shimao ជាអានុភាពមួយ ដើម្បីជំរុញអ្នកអភិវឌ្ឍន៍ឱ្យខិតខំ សម្រេចបានវឌ្ឍនភាព លើការរៀបចំរចនាសម្ព័ន្ធឡើងវិញ”។

ការដាក់ញត្តិទាមទាររំលាយ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ចិន រួមទាំងក្រុមហ៊ុន Country Garden Holdings Co. បានកើតមានឡើង ខណៈដែលម្ចាស់បំណុល កាន់តែអស់ភាពអត់ធ្មត់ចំពោះល្បឿន នៃការចរចាជុំវិញបញ្ហាខកខានទូទាត់សងបំណុល។

លើសពីនេះ ធនាគារ China Construction Bank ក៏បានស្នើឱ្យមានការរំលាយ ក្រុមហ៊ុនអភិវឌ្ឍន៍តូចៗ មួយចំនួនទៀតផងដែរ។ ទន្ទឹមនឹងនេះ គេនៅចាំមិនទាន់ភ្លេចនៅឡើយ កាលពីខែមករាកន្លងទៅ តុលាការក្រុងហុងកុង បានបញ្ជាឱ្យរំលាយក្រុមហ៊ុន China Evergrande Group ដែលជាអ្នករងគ្រោះដ៏ធំបំផុត នៃវិបត្តិអចលនទ្រព្យនៅក្នុងប្រទេសចិន។

លោកស្រី Ting Meng អ្នកយុទ្ធសាស្រ្តឥណទានជាន់ខ្ពស់នៅក្រុមហ៊ុន Australia & New Zealand Banking Group Ltd បានលើកឡើងថា “ក្រុមហ៊ុន Shimao បានខកខានសងបំណុលអស់រយៈពេលជិត២ឆ្នាំមកហើយ ខណៈឧស្សាហកម្មនេះមិនបានបង្ហាញសញ្ញានៃភាពប្រសើរឡើងនោះទេ”។

លោក​ស្រី​ Ting បាន​បញ្ជាក់បន្ថែម​ថា “អ្នកវិនិយោគកំពុង​បាត់​បង់​ការ​អត់ធ្មត់ និង​ទំនុក​ចិត្ត​របស់ពួកគេ ចំពោះ​ការ​រំពឹង​ទុក​នៃ​ការ​ស្ទុះងើប​ឡើង ​វិញនៃទីផ្សារអចលនទ្រព្យ”៕ប្រភព:Bloomberg &Nikkei Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here