តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃអង្គារនេះ ខណៈ តម្រូវការមាសហក់ឡើងខ្ពស់ ដោយសារធនាគារកណ្តាលនានានៅតំបន់អាសុីបានសម្រុកទិញមាសទុក គួបផ្សំនឹងភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ា។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៣ភាគរយដល់២៣៣៩,៦១ដុល្លារ ក្នុងមួយអោន  ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤១ភាគរយដល់២៣៥៤,៩ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៣នាទីព្រឹក។

ធនាគារកណ្តាលរបស់ប្រទេសចិនបានទិញមាសបន្ថែមទៀតចំនួន១៦០.០០០អោន បញ្ចូលទៅក្នុងទុនបម្រុងរបស់ខ្លួនកាលពីខែមីនា។ ចំណែក ធនាគារកណ្តាលនៃប្រទេសទួរគី ឥណ្ឌា កាហ្សាក់ស្ថាន និងបណ្តាប្រទេសនៅតំបន់អឺរ៉ុបខាងកើតមួយចំនួនក៏បានសម្រុកទិញមាសនៅឆ្នាំនេះផងដែរ។

នាយកដ្ឋានការងារអាមេរិកបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន ថា អត្រាអ្នកមានការងារធ្វើ ក្រៅពីវិស័យកសិកម្មបានកើនឡើងចំនួន៣០៣.០០០កន្លែងកាលពីខែមីនា ដែលការណ៍នេះបង្ហាញថា សេដ្ឋកិច្ចអាមេរិកនៅតែមានភាពរឹងមាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Bart Melek ប្រធានផ្នែកយុទ្ធសាស្រ្តនៅក្រុមហ៊ុន TD Securities បានលើកឡើងថា “ទីផ្សារនៅតែមើលឃើញឱកាសសម្រាប់ការបញ្ចុះអត្រាការប្រាក់នៅក្នុងខែមិថុនាខាងមុខ។ ប៉ុន្តែប្រសិនបើ ទិន្នន័យសេដ្ឋកិច្ចអាមេរិកបន្តបង្ហាញសញ្ញារឹងមាំ នោះធនាគារ Fed អាចពន្យារពេលក្នុងការកាត់បន្ថយអត្រាការប្រាក់ ដែលការណ៍នេះអាចធ្វើឱ្យតម្លៃមាសធ្លាក់ថ្លៃចុះ”។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៤៩,១ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,១៣ពិន្ទុ នៅថ្ងៃអង្គារនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១៦ភាគរយដល់២៧,៧៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានកើនឡើង១,៤៦ភាគរយដល់៩៧២,៥០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៥៩ភាគរយដល់១.០៤៩ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៥នាទីព្រឹកថ្ងៃអង្គារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here