អូស្រ្តាលីបន្តជួយពង្រឹងធនធានមនុស្សរបស់កម្ពុជា និងលើកកំពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោកJustin Kevin Whyatt បានប្រកាសបន្តគាំទ្រមុតមាំ លើការបណ្តុះបណ្តាលធនធានមនុស្សនៅ​កម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ និងបន្តជួយដល់ការអភិវឌ្ឍន៍នៅកម្ពុជា។

ជំហរនេះ ត្រូវបានប្រកាសដោយលោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។

ក្នុងជំនួបជម្រាបលានេះ លោក ចាស្ទីន ខេវិន វ៉ាយអេត បានថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ជួបសម្តែង​ការគួរសម និងជម្រាបលា។ ឯកអគ្គរដ្ឋទូតចប់អាណត្តិរូបនេះ បានវាយតម្លៃខ្ពស់អំពីទំនាក់​ទំនង​ដ៏ល្អ រវាងអូស្រ្តាលី-កម្ពុជា ហើយក៏បានសម្តែងការអរគុណចំពោះការគាំទ្រ និងកិច្ចសហ​ប្រតិ​បត្តិការរបស់ក្រសួង ស្ថាប័នរបស់កម្ពុជា ក្នុងការរឹតចំណងទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឯកអគ្គរដ្ឋទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាពលើកិច្ច​សហ​ប្រតិ​បត្តិ​ការ ដែលសម្តេចធិបតី និងនាយករដ្ឋមន្ត្រីអូស្រ្តាលី បានពិភាក្សាថ្មីៗនេះ នៅប្រទេស​អូស្រ្តា​លី។ ទន្ទឹមគ្នានោះ លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបសម្តេចធិបតី អំពីការបន្តគាំទ្រលើកិច្ច​សហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈការបន្តផ្តល់អាហារូបករណ៍បន្ថែម ដល់និស្សិត​កម្ពុជា និងការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យអូស្ត្រាលី និងសាកលវិទ្យាល័យនានារបស់កម្ពុជា។

លោកចាស្ទីន ខេវិន វ៉ាយអេត ក៏បានបញ្ជាក់ជំហរ​បន្តកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ​ លើវិស័យអាទិភាពមួយចំនួនរួមមាន៖ កសិកម្ម ការវិនិយោគ ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពលបៃតង និងការពារជាតិ និងសន្តិសុខ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់លោក ចាស្ទីន ខេវិន វ៉ាយអេត ព្រមទាំងបានសម្តែងក្តីរីករាយចំពោះវឌ្ឍនភាព លើ​កិច្ចសហប្រតិបត្តិការ​ដែល​សម្តេច និងលោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានពិភាក្សាគ្នានាពេលកន្លងមក។

សម្តេចធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រលើវិស័យអាទិភាព និង​លើ​កិច្ចសហប្រតិបត្តិការពីសំណាក់ប្រទេសអូស្រ្តាលី។ ពាក់ព័ន្ធនឹងវិស័យវិនិយោគ និង​ពា​ណិជ្ជ​កម្ម សម្តេចធិបតី បានប្រកាសប្រឹងប្រែងជំរុញ ការតភ្ជាប់រវាងវិស័យឯកជន និងឯកជន ហើយមានជំនឿជាក់ថា ការភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែប្រសើរឡើង ដើម្បី​ផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន។

ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលបៃតងវិញ សម្តេចធិបតី បានគូសបញ្ជាក់អំពីកិច្ច​ប្រឹង​ប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ​ថាម​ពល​បៃតង ដោយលើកកម្ពស់ការចូលរួម របស់វិស័យឯកជនលើការអភិវឌ្ឍ និងការវិនិយោគ​លើវិស័យទាំងនេះ។

ក្នុងក្របខ័ណ្ឌវិស័យការពារជាតិ និងសន្តិសុខ សម្តេចធិបតី បានបញ្ជាក់ពីការបន្តការផ្សារ​ភ្ជាប់ ​ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងសន្តិសុខ កម្ពុជា-អូស្រ្តាលី តាមរយៈការជំរុញការបណ្តុះបណ្តាល និងការកសាងសមត្ថភាពជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here