ការសិក្សាថ្មីៈ កម្ពុជាជាប់ឈ្មោះជាប្រទេសដែលមានទីផ្សារកំពុងទាក់ទាញការវិនិយោគនៅឆ្នាំនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) សំដៅលើការវិនិយោគ ដែលធ្វើឡើងដោយបុគ្គល ក្រុមហ៊ុន ឬអង្គភាពពីប្រទេសមួយចូលទៅក្នុងប្រទេសមួយផ្សេងទៀត។

លំហូរ FDI ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក ដោយសារ FDI ជួយសម្រួលដល់លំហូរមូលធន ជំរុញការពង្រីកអាជីវកម្ម និងរួមចំណែកដល់ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ច។

នៅក្នុងអត្ថបទនេះ យើងសូមលើកមកបង្ហាញពីបណ្តាប្រទេសដែលមានទីផ្សារ កំពុងរីកចម្រើនកំពូលទាំង១០ ដែលនឹងសម្រេចបានសន្ទុះលំហូរ FDI ខ្លាំងជាងគេ នៅក្នុងឆ្នាំ២០២៤នេះ។ ចំណាត់ថ្នាក់នេះ ត្រូវបានវាយតម្លៃដោយទស្សនាវដ្តី fDi Intelligence ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បណ្តាប្រទេសទាំង១០ ដែលមានទស្សនវិស័យនៃសន្ទុះលំហូរ FDI ខ្លាំងជាងគេបំផុត សម្រាប់ឆ្នាំ២០២៤ រួមមាន នៅទ្វីបអាស៊ី ទ្វីបអាហ្វ្រិក ទ្វីបមជ្ឈិមបូព៌ា និងទ្វីបអឺរ៉ុប។

ជាមួយគ្នានេះ នៅក្នុងទ្វីបអាស៊ី​ មាន​ប្រទេស​ចំនួន​៦ ដែលជាប់ចំណាត់ថ្នាក់ នៅក្នុង​បញ្ជីបណ្តាប្រទេសកំពូលទាំង១០ ដោយ​កម្ពុជា​ត្រូវបានគេរំពឹង​ថា​ នឹង​សម្រេចបានសន្ទុះ ​នៃលំហូរវិនិយោគ​FDI ខ្លាំង​ជាងគេបំផុត ​ក្នុងចំណោមបណ្តាប្រទេស ដែលមានទីផ្សារកំពុងរីកចម្រើនទាំង១០ នៅ​ឆ្នាំ​២០២៤នេះ។

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានព្យាករថា កំនើន​សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងអត្រា៦,១% ក្នុងឆ្នាំ២០២៤នេះ ដោយកើនឡើងពី៥,៦% ក្នុងឆ្នាំ២០២៣។ មូលនិធិ IMF រំពឹងថា កម្ពុជានឹងក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេបំផុតនៅក្នុងតំបន់អាស៊ាន ខណៈប្រទេសនេះបានពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួន ជាមួយប្រទេសចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប។

បន្ថែមពីលើនេះ កម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំង ពីការស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍ ចាប់តាំងពីប្រទេសចិនបានចាប់ផ្តើមលុបចោល ការរឹតបន្តឹងលើការធ្វើដំណើរ ដោយសារជំងឺកូវីដ-១៩ កាលពីដើមឆ្នាំ២០២៣កន្លងទៅ។

ទន្ទឹមនឹងនេះ ហ្វីលីពីន បានជាប់ចំណាត់ថ្នាក់ទី២ ក្នុងនាមជាប្រទេស ដែលនឹងសម្រេចបានសន្ទុះនៃលំហូរFDI ខ្លាំងជាងគេលំ​ដាប់ទី២ នៅក្នុងចំណោមបណ្តាប្រទេស ដែលមានទីផ្សារកំពុងរីកចម្រើនទាំង១០ បន្ទាប់ពីកម្ពុជា។

មូលនិធិ IMF រំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន នឹងកើនឡើងក្នុងអត្រា៥,៩% ក្នុងឆ្នាំ២០២៤នេះ ខណៈការវិនិយោគសាធារណៈ និងឯកជន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងកំណើនសេដ្ឋកិច្ចរបស់ហ្វីលីពីន ដែលជំរុញដោយការបើកចំហ វិស័យថាម​ពលកកើតឡើងវិញដល់វិនិយោគិនបរទេស។

ចំណែក ចំណាត់ថ្នាក់លេខ៣ បានទៅលើប្រទេសកេនយ៉ា ចំណាត់ថ្នាក់លេខ៤ បានទៅលើប្រទេសអ៊ីរ៉ាក់ ចំណាត់ថ្នាក់លេខ៥ បានទៅលើប្រទេសNamibia ចំណាត់ថ្នាក់លេខ៦ បានទៅលើការហ្សាក់ស្ថាន ចំណាត់ថ្នាក់លេខ៧ បានទៅលើអាស៊ែបៃហ្សង់ ចំណាត់ថ្នាក់លេខ៨ បានទៅលើប្រទេសម៉ារ៉ុក ចំណាត់ថ្នាក់លេខ៩ បានទៅលើប្រទេសស៊ែប៊ី និងចំណាត់ថ្នាក់លេខ១០ ចុងក្រោយគេបានទៅលើប្រទេសឥណ្ឌា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here