តម្លៃប្រេងបានធ្លាក់ចុះ ខណៈការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមភាពមិនច្បាស់លាស់ នៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃច័ន្ទនេះ ខណៈភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានធូរស្រាល បន្ទាប់ពីអុីស្រាអែល បានដកទ័ពបន្ថែមទៀតចេញពីភាគខាងត្បូងនៃតំបន់ហ្គាហ្សា ហើយបានប្តេជ្ញាចិត្តចំពោះកិច្ចពិភាក្សាថ្មីស្តីពីបទឈប់បាញ់។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៩៤សេន មកនៅត្រឹម៩០,២៣ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 2253 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ៩០សេនមកនៅត្រឹម៨៦,០១ដុល្លារក្នុងមួយបារ៉ែល។

នាយកដ្ឋានការងារអាមេរិកបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន ថា អត្រាអ្នកមានការងារធ្វើ ក្រៅពីវិស័យកសិកម្មបានកើនឡើងចំនួន៣០៣.០០០កន្លែងកាលពីខែមីនា ដែលការណ៍នេះបង្ហាញថា សេដ្ឋកិច្ចអាមេរិកនៅតែមានភាពធន់។

ក្រុមអ្នកយុទ្ធសាស្រ្តនៅធនាគារអូស្ត្រាលី ANZ បានលើកឡើងថា “ទិន្នន័យសេដ្ឋកិច្ចដ៏មានភាពធន់ គឺជាដាវមុខ២សម្រាប់ទីផ្សារ។ បើគិតពីផ្នែកវិជ្ជមាន កំណើនប្រកបដោយភាពធន់ គឺជាសញ្ញាបង្ហាញថា សេដ្ឋកិច្ចស្ថិតនៅឆ្ងាយពីវិបត្តិ ប៉ុន្តែវាក៏អាចមានន័យថា ធនាគារ Fed នឹងរក្សាអត្រាការប្រាក់ឱ្យស្ថិតនៅកម្រិតខ្ពស់ក្នុងរយៈពេលយូរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៤៩,១ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់ត្រឹម១០៤,៣៥ពិន្ទុ នៅថ្ងៃច័ន្ទនេះ។

ចំណែកឯ ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីបានប្រឈមភាពមិនច្បាស់លាស់ នៅព្រឹកថ្ងៃច័ន្ទនេះ ខណៈដែលវិនិយោគិនបានបន្ទាបការរំពឹងទុករបស់ពួកគេចំពោះការបញ្ចុះអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក បន្ទាប់ពីមានការចេញផ្សាយទិន្នន័យអត្រាអ្នកមានការងារធ្វើ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,៤៤ភាគរយ គិតត្រឹមម៉ោង១០:០៥នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៣៥ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៨៦ភាគរយ។

ចំណែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 បានធ្លាក់ថ្លៃចុះ០,១១ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន shanghai Composite របស់ប្រទេសចិនបានងើបឡើងថ្លៃ០,១៥ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,២៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,២៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here