វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េពង្រីកកិច្ចសហប្រតិបត្តិការលើការ បម្លែងសំបកគ្រាប់ស្វាយចន្ទីជាជីវថាមពលនៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ាគិត ម៉េង ទទួលជួបសម្តែងការគួរសមនិង ពិភាក្សាការងារ ជាមួយគណៈប្រតិភូ មកពីវិទ្យាស្ថានស្រាវជ្រាវថាម​ពលកូរ៉េ។

នៅក្នុងជំនួបពិភាក្សានេះ គណៈប្រតិភូកូរ៉េបានធ្វើបទបង្ហាញអំពីរបកគំហើញ និងបច្ចេកវិទ្យាថ្មី ក្នុងការកែច្នៃសំបកគ្រាប់ស្វាយចន្ទីទៅជាជីវថាមពល និងជីសរីរាង្គដែលនឹងផ្ដល់អត្ថប្រយោជន៍ជា ច្រើនមកប្រទេសកម្ពុជា។ ជាមួយគ្នានោះផងដែរ វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ ក៏បានស្នើរសុំការសហការ ពីសភាពាណិជ្ជកម្មកម្ពុជាក្នុងការអនុវត្តន៍ គម្រោងនៃសង្វាក់ផលិតកម្មមួយនេះ នៅក្នុងប្រទេសកម្ពុជា ដែលនឹងអាចផ្ដល់ផលប្រយោជន៍ មកកាន់សេដ្ឋកិច្ចដូចជាគាំទ្រដល់កំណើនការងារសម្រាប់ប្រជាជន និងបង្កើនប្រាក់ចំណូលសម្រាប់ជាតិ។

បន្ថែមពីនេះទៅទៀត វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ បានអញ្ជើញសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េ ដើម្បីយល់ពីសង្វាក់ផលិតកម្មឳ្យកាន់តែច្បាស់។ គណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ បានគោរពអញ្ជើញគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាទៅទស្សនកិច្ច នៅមន្ទីរពិសោធន៍ស្រាវជ្រាវ និងកែច្នៃឥន្ធនៈថាមពលពីសំបកគ្រាប់ស្វាយចន្ទី នៅពេលវេលាសមស្របណាមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកឧកញ៉ា លឹម ហេង បានគាំទ្រចំពោះការស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ  ដែលពិតជារួមចំណែក ក្នុងការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-កូរ៉េ។ ក្នុងនោះផងដែរអ្នកឧកញ៉ា លឹម ហេង ក៏បានសាកសួរបន្ថែមអំពីគម្រោង រោងចក្រនៅក្នុងប្រទេសកម្ពុជា  និងបានសិក្សាបន្ថែមអំពីលទ្ធភាព ក្នុងការសហការជាមួយវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ ក្នុងការដឹកនាំកម្រោងមួយនេះ។

អ្នកឧកញ៉ា លឹម ហេងក៏បានឯកភាព ចំពោះការទស្សនកិច្ចនៅប្រទេសកូរ៉េ ដើម្បីស្វែងយល់អំពីសង្វាក់ផលិតកម្ម នៃថាមពលនេះឳ្យកាន់តែស៊ីជម្រៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here