ខេត្តព្រះសីហនុ នឹងរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយនៅទីតាំង សំខាន់ៗរបស់ខេត្ត និងតាមវត្តអារាមទូទាំងខេត្ត

ដោយៈ គង់ ហ្វីអូណា

ព្រះសីហនុៈ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានធ្វើសន្និសិទសារព័ត៌មានស្តីពី ការរៀបចំសង្ក្រានឆ្នាំថ្មីនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខ។

លោកអភិបាលរងបានឱ្យដឹងថា ឆ្នាំនេះ រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយវិស័យឯកជន រៀបចំព្រឹត្តិការណ៍ធំៗចំនួន៣ និងព្រឹត្តិការណ៍អមចំនួន៣ផ្សេងទៀត នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ដែលទី១.នៅទីលានតេជោ (ពយតាមូង) ទី២.នៅពយជំទាវម៉ៅ (ដើមឈើចាំស្នេហ៍) និង ទី៣.នៅ Bay of Lights។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅទីតាំងទាំង៣ខាងលើ នឹងមានការរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី ការចាក់តន្ត្រីបែបុរាណ និងសម័យ និងការលេងល្បែងប្រជា​ប្រិយខ្មែរចាប់ពីម៉ោង១០ព្រឹកតទៅ ដូចជា ទាញព្រ័ត្រ បោះអង្គុញ ចោលឈូង លាក់កន្សែង វាយក្អម ឡើងបង្គោលខ្លាញ់ រាំដណ្តើមកៅអី ដណ្តើមស្លឹកឈើ ជាដើម។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបានត្រៀមឡានទឹក សម្រាប់ជួយសម្រួលកម្តៅពីព្រះអាទិត្យផងដែរ។

ដោយឡែក ព្រឹត្តិការណ៍អមចំនួន ៣ មាននៅទីតាំងដូចជា៖

១.ឆ្នេរអូត្រេះ នៅតាមបណ្តោយឆ្នេរខ្សាច់ មានការរាំទូលក្អម។

២.ទីតាំង«ខ្មែរធ្វើបាន» មានការលេងល្បែងប្រជាប្រិយខ្មែរ ដូចជាលាក់ កន្សែង ពង្រត់កូនក្រមុំ ដណ្តើមស្លឹកឈើ…។

៣.រង្វង់មូលព្រះថោងនាងនាគ មានការស្រង់ព្រះថោងនាងនាគនៅថ្ងៃវរៈឡើងស័កដែលជាថ្ងៃទី៣។

ជាមួយគ្នានេះ ដើម្បីបង្កសប្បាយភាព ជូនដល់បងប្អូនប្រជាពល​រដ្ឋទូទាំងខេត្ត រដ្ឋបាលខេត្តព្រះសីហនុ បានឧបត្ថម្ភសម្ភារសំខាន់ៗ និងចាំបាច់មួយចំនួន សំរាប់លេងល្បែងប្រជាប្រិយ ដែលប្រជាព​លរដ្ឋនិយមលេងច្រើនដូចជា៖ ខ្សែព្រ័ត្រក្រចៅ អង្គុញ ប៉ិកួៈ ក្អម បាវក្រចៅ ម្សៅក្រអូប ឈួង និងក្រមារខ្មែរ ផងដែរ។

លោកអភិបាលរងខេត្តបានបន្តថា ឆ្នាំនេះឯកឧត្តមអភិបាលខេត្ត នឹងផ្តល់កិត្តិយសអញ្ជើញដឹកនាំមន្ត្រី នៃរដ្ឋបាលខេត្តចូលរួម អុបធូបទៀនទទួលទេវតាឆ្នាំថ្មីនាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០:១៧នាទីយប់ នៅទីលានតេជោ។

លោកឡុង ឌីម៉ង់បានបញ្ជាក់ថា រដ្ឋបាលខេត្ត បានធ្វើការជូនដំណឹងដល់សាធារណជន នៅក្នុងខេត្តព្រះសីហនុ មិនអនុញ្ញាតឱ្យមានការ ជះទឹកឬ គប់ទឹក ឬបាញ់ទឹក នៅតាមដងផ្លូវសាធារណនោះទេ ដែលបង្កឱ្យមានគ្រោះថ្នាក់ណាមួយ ជាយថាហេតុចំពោះអ្នកដំណើរ នឹងអ្នកលេងផងដែរ។

រដ្ឋបាលខេត្ត ក៏បានធ្វើការណែនាំរៀបចំឆៃយ៉ាំ ទទួលភ្ញៀវទេសចរ ខ្មែរ និងបរទេសដែលធ្វើដំណើរឆ្លងកាត់ តាមអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here