តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះវិញ នៅព្រឹកថ្ងៃសុក្រនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិក ដែលអាចផ្តល់តម្រុយអំពីពេលវេលានៃការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៧៣ភាគរយដល់២២៧២,៦៩ដុល្លារ ក្នុងមួយអោន  ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៦៧ភាគរយដល់២.២៩៣ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥០នាទីព្រឹក។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃហាងឆេងមាស បាន ហក់ឡើង ថ្លៃ ខ្ពស់ បំផុត លើស ពី២.៣០០ដុល្លារ ក្នុង មួយ អោន ដោយសារការរំពឹងទុកនៃការបញ្ចុះអត្រាការប្រាក់របស់សហរដ្ឋអាមេរិកនៅឆ្នាំនេះ។

លោក Tai Wong ពាណិជ្ជករលោហៈធាតុ ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានលើកឡើងថា “តម្លៃមាសបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ដោយសារការជួញដូរមាសកើនឡើង បន្ទាប់ពីការថ្លែងប្រសាសន៍របស់លោក Powell”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Powell បានថ្លែងថា “ប្រសិនបើសេដ្ឋកិច្ចអាមេរិក មានការវិវឌ្ឍន៍ដូចអ្វី ដែលយើងរំពឹងទុក នោះខ្ញុំ និងមន្ត្រី
ធនាគារ Fed ភាគច្រើនយល់ស្របចំពោះការបញ្ចុះអត្រាការប្រាក់ក្នុងពេលវេលាសមស្របណាមួយនៅឆ្នាំនេះ”។

លោក Daniel Ghali អ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុន TD Securities បានលើកឡើងថា “តម្រូវការមាសកើនឡើង ស្របពេលដែលភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ាកំពុងឡើងកំដៅ ក្រោយពីអុីស្រាអែលបានបើកការវាយប្រហារទៅលើស្ថានទូតអុីរ៉ង់នៅក្នុងប្រទេសស៊ីរី ខណៈអុីរ៉ង់ បានប្តេជ្ញា សងសឹកចំពោះ ការ វាយប្រហារនេះ”។

កំដៅនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការសម្រុកទិញមាសដោយបណ្តាធនាគារកណ្តាលនានា បានជំរុញឱ្យតម្លៃហាងឆេងមាសហក់ឡើងថ្លៃជាង២៥%ចាប់តាំងពីខែតុលា ឆ្នាំមុន បើទោះបីជាទស្សនៈវិស័យនៃអត្រាការប្រាក់បន្តស្ថិតក្នុងភាពមិនច្បាស់លាស់យ៉ាងណាក្តី។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៦២ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៤,១៨ពិន្ទុនៅថ្ងៃសុក្រនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,៧៣ភាគរយដល់២៦,៤៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,១ភាគរយដល់៩២៦,៤៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,៣៤ភាគរយដល់១០០៧,២៥ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥០នាទីព្រឹកថ្ងៃសុក្រនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here