រដ្ឋាភិបាលសម្រេចយកពន្ឋ៣០ភាគរយនៃចំណូលបានពីធនធានរ៉ែ និងប្រេងកាត

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសប្រមូលពន្ធលើប្រាក់ចំណូល ដល់៣០ភាគរយ នៃប្រាក់ចំណូលជាប់ពន្ធ របស់ប្រតិបត្តិការធនធានរ៉ែ​ និងប្រេងកាត។​

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធ ដែលធ្វើប្រតិបត្តិការធនធានរ៉ែ និងប្រេងកាត នៅទូទាំងប្រទេសកម្ពុជា។​

រាល់សកម្មភាពទាំងឡាយណា ដែលស្វែងរកសាធាតុរឹង រាវ ឧស្ម័ន កកើតឡើងវិញ ដោយធម្មជាតិតាមដំណើរវិវត្តភូគព្ភសាស្ត្រ ឬជាលទ្ធផលនៃការជីកយកពីក្នុងដី លើដី ក្នុងសមុទ្រ ក្រោមបាតសមុទ្រ ដូចជាត្បូងថ្ម ធ្យូងថ្ម រ៉ែអលោហៈ ទឹកខនិជ ថ្ម ក្រួស​ ខ្សាច់ និងដីឥដ្ឋ គឺជាគោលដៅនៃការអនុវត្ត ការប្រមូលពន្ធលើប្រាក់ចំណូលក្នុងអត្រាដល់៣០ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការប្រមូលពន្ធនេះ ក៏ត្រូវអនុវត្តទៅលើប្រតិបតិ្តការ ប្រេងកាត ដូចជា​ ប្រេងឆៅ ឧស្ម័នធម្មជាតិ និងអ៊ីដ្រូកាបួផ្សេងៗ ​ទោះសាធាតុទាំងនោះ ស្ថិតក្នុងសភាពរឹង រាវ ឧស្ម័ន យ៉ាងណាក៏ដោយ។ នេះជាការបញ្ជាក់របស់លោករដ្ឋមន្ត្រីសេដ្ឋកិច្ច នៅក្នុងប្រកាសផ្សេងគ្នា ស្តី​ពី ពន្ធលើប្រតិបត្តិការប្រេងកាត និងពន្ធលើប្រតិបត្តិការធនធានរ៉ែ ដែលចេញនៅថ្ងៃទី២០មីនា ឆ្នាំ២០២៤។​

បន្ថែមលើអត្រាពន្ធខាងលើ ប្រសិនបើអ្នកជាប់ពន្ធមានប្រាក់ចំណូលលើសកម្រិត​ នោះត្រូវជាប់ពន្ធ តាមអត្រាកំណើនតាមថ្នាក់ ដោយផ្អែកលើសមាមាត្រនៃប្រាក់ចំណូល។

ប្រកាសដដែលបានឲ្យដឹងថា សមាមាត្រនៃប្រាក់ចំណូលលើសកម្រិតដល់ ១,៣ គឺមិនជាប់ពន្ធលើប្រាក់ចំណូលឡើយ ប៉ុន្តែបើសមាមាត្រនៃប្រាក់ចំណូលលើសកម្រិតពី ១,៣ ដល់១,៦ ត្រូវជាប់ពន្ធ១០ភាគរយ។ កម្រិតលើសពី១,៦ ដល់២ ត្រូវជាប់ពន្ធ២០ភាគរយ និងសមាមាត្រនៃប្រាក់ចំណូល លើសពីកម្រិត២ឡើងទៅ គឺត្រូវជាប់ពន្ធលើប្រាក់ចំណូល៣០ភាគរយ។​

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា “សមាមាត្រនៃប្រាក់ចំណូលលើសកម្រិតនៃឆ្នាំ ជាប់ពន្ធចរន្តណាមួយ គឺជាផលចែកនៃទឹកប្រាក់បូកបង្គរនៃចំណូល និងទឹកប្រាក់បូកបង្គរនៃចំណាយ ពីប្រតិបត្តិការធនធានរ៉ែ និងប្រេងកាត មកទល់ឆ្នាំជាប់ពន្ធចរន្តនោះ”។

ក្នុងខែមករា រដ្ឋប្រមូលពន្ធដារបានប្រមាណ២៩៨,៥៥ប៉ុណ្ណោះ​។ ចំណូលនេះថយចុះ០,៦៨ភាគរយ បើ​ប្រៀបធៀប​នឹង​ចំណូល​ពន្ធអាករ​ប្រចាំ​ខែមករា ឆ្នាំ​២០២៣៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here