ប្រធានសមាគមធនាគារកម្ពុជាថ្មីជាអ្នកណា?

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោក សោភ័ណ ត្រូវបានសមាជិកបោះឆ្នោតជ្រើសរើស ជាប្រធានសមាគមធនាគារនៅកម្ពុជា ក្នុងមហាសន្និបាតប្រចាំឆ្នាំ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។​

នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់សមាគមធនាគារនៅកម្ពុជា សមាសភាពក្រុមប្រឹក្សានៃសមាគម ដែលបានជាប់ឆ្នោតសម្រាប់អាណត្តិទី១០​នេះ គឺមានចំនួន១២រូប។

លោក រ័ត្ន សោភ័ណ ជាប្រធាននាយកប្រតិបត្តិ នៃធនាគារ Maybank បានក្លាយជាប្រធានសមាគមធនាគារនៅកម្ពុជា(ABC) ក្នុងអាណត្តិទី១០(ពីឆ្នាំ២០២៤-២០២៥)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានកាន់តំណែងនេះ ជំនួសលោក Raymond Sia ប្រធាននាយកប្រតិបត្តិ នៃធនាគារកាណាឌីយ៉ា។​ក្រៅពីលោក រ័ត្ន សោភ័ណ ជាប្រធានសមាគមធនាគារនៅកម្ពុជាហើយនោះ គឺមានលោក​Raymond Sia Say Guan ជាអនុប្រធាន​​ ខណៈលោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង (ខេមបូឌា) ម.ក  ជាហេរញ្ញិកសមាគមធនាគារ ដែលមានសមាជិក៩នាក់។

ប្រធានសមាគមធនាគារថ្មី នៅកម្ពុជារូបនេះ បានប្ដេជ្ញាបម្រើវិស័យធនាគារ និងសមាជិករបស់ខ្លួន ឱ្យកាន់តែប្រសើរមួយកម្រិតថែមទៀត។ ជាមួយសមាជិកក្រុមប្រឹក្សាអាណត្តិថ្មី លោក សោភ័ណ បានបញ្ជាក់ពីចក្ខុវិស័យរបស់ខ្លួន និងសសរស្តម្ភចំនួន៤។

លោក សោភ័ណ បានកំណត់នូវរចនាសម្ព័ន្ធអភិបាលកិច្ចល្អ និងមុខងារ និងការ​ប្រព្រឹត្តទៅ នៃសមាគមធនាគារនៅកម្ពុជា។ សសរស្តម្ភទី២ គឺផ្តល់ប្រឹក្សាលើការគ្រប់គ្រង និងប្រតិបត្តិធនាគារប្រកបដោយការទទួលខុសត្រូវ និងផ្អែកលើគុណតម្លៃ ដើម្បីបង្កើនជំនឿទុកចិត្តពីសាធារណជន ជំរុញបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងលើកកម្ពស់ភាពរឹងមាំ និងភាពលូតលាស់នៃវិស័យធនាគារ ដើម្បីគាំទ្រដល់កំណើនសេដ្ឋ​កិច្ច។

សមាគមធនាគារនៅកម្ពុជា គឺជាសមាគមវិជ្ជាជីវៈក្នុងស្រុក និងធ្វើប្រតិបត្តិការ មិនស្វែងរកប្រាក់ចំណេញ។ សមាគមនេះ ត្រូវបានបង្កើតឡើង ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា និងការការពារផលប្រយោជន៍ ស្របច្បាប់របស់សមាជិក។

សមាគមធនាគារអនុវត្តសកម្មភាពរបស់ខ្លួន ដោយមានកិច្ចស​ហ​ការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរ សមាគម អង្គការ ឬស្ថាប័នក្នុងស្រុក និងអន្តរជាតិ ហើយបម្រើសេវាកម្ម ជាច្រកទំនាក់ទំនងរវាងស្ថាប័នទាំងនោះ ដើម្បីសម្រេចបេសកកម្មរបស់សមាគម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់សមាគមធនាគារនៅកម្ពុជា។

គិតត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាមានធនាគារពាណិជ្ជកម្មចំនួន៥៨ និងធនគារឯកទេស៩។​

ធនាគារទាំងនេះ មានទ្រព្យសកម្មកើន៧៧,៤ពាន់លានដុល្លារ កើន១៦,៨ភាគរយ ធៀបនឹងឆ្នាំ២០២២។ ក្នុងនោះមាន ឥណទានអតិថិជនដល់ទំហំទឹកប្រាក់៥១,៨ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here