តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ ដោយសារក្តីបារម្ភអំពីការថយចុះនៃការផ្គត់ផ្គង់ និងការបង្ហាញសញ្ញានៃកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកាន់តែរឹងមាំ ដែលជាប្រទេសប្រើប្រាស់ប្រេងដ៏ធំបំផុតនៅលើពិភពលោក។

តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែមិថុនា បានកើនឡើង១៥សេន ដល់៨៩,៥១ដុល្លារ ក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0037 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures សម្រាប់ចែកចាយនៅខែឧសភា បានកើនឡើង១៥សេនដូចគ្នា ដល់៨៥,៥៩ដុល្លារក្នុងមួយបារ៉ែល។

លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក បានរំលឹកឡើងវិញថា ទិន្នន័យថ្មីៗនេះស្តីពីការកើនឡើងនៃអតិផរណាខ្ពស់ជាងការរំពឹងទុក មិនអាចផ្លាស់ប្តូររូបភាពរួមនៃគោលនយោបាយសេដ្ឋកិច្ចនៅឆ្នាំនេះទេ។

យោងតាមទិន្នន័យ ដែលចេញផ្សាយកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានបង្ហាញថា វិស័យផលិតកម្មរបស់សហរដ្ឋអាមេរិក បានកើនឡើងជាលើកដំបូងក្នុងរយៈពេល១ឆ្នាំកន្លះ ក្នុងខែមីនា ខណៈការបញ្ជាទិញថ្មីបានកើនឡើង ដែលបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចអាមេរិក ប៉ុន្តែ ការណ៍នេះបានជះផលប៉ះពាល់ដល់ទស្សនៈវិស័យនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារ Fed។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៦២ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,២១ពិន្ទុនៅថ្ងៃព្រហស្បតិ៍នេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសារតែលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក នៅតែមានជានិច្ច បើទោះបីជាមិនទាន់មានការកំណត់ពេលវេលាជាក់លាក់នៅឡើយក្តី។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,៣៨ភាគរយ គិតត្រឹមម៉ោង១០:០០នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៦៥ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានបិទការជួញដូរ។

ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 និងសន្ទស្សន៍ផ្សារហ៊ុន shanghai Composite របស់ប្រទេសចិនក៏បានបិទការជួញដូរផងដែរ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៤៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៨៤ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here