តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell បានរំលឹកឡើងវិញថា ទិន្នន័យថ្មីៗនេះស្តីពីការកើនឡើងនៃអតិផរណាខ្ពស់ជាងការរំពឹងទុក មិនអាចផ្លាស់ប្តូររូបភាពរួមនៃគោលនយោបាយសេដ្ឋកិច្ចនៅឆ្នាំនេះទេ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៤ភាគរយដល់២៣០០,១៨ដុល្លារ ក្នុងមួយអោន  ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២៩ភាគរយដល់២៣២១,៦ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៨នាទីព្រឹក។

លោក Tai Wong ពាណិជ្ជករលោហៈធាតុ ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានលើកឡើងថា “តម្លៃមាសបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រមួយផ្សេងទៀត ដោយសារការជួញដូរមាសកើនឡើង បន្ទាប់ពីការថ្លែងប្រសាសន៍របស់លោក Powell”។

លោក Powell បានថ្លែងថា “ប្រសិនបើសេដ្ឋកិច្ចអាមេរិក មានការវិវឌ្ឍន៍ដូចអ្វី ដែលយើងរំពឹងទុក នោះខ្ញុំ និងមន្ត្រី
ធនាគារ Fed ភាគច្រើនយល់ស្របចំពោះការបញ្ចុះអត្រាការប្រាក់ក្នុងពេលវេលាសមស្របណាមួយនៅឆ្នាំនេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Daniel Pavilonis អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន RJO Futures បានលើកឡើងថា“លទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់នៅតែមានជានិច្ច ក៏ប៉ុន្តែទិន្នន័យសេដ្ឋកិច្ចអាមេរិក នៅតែបង្ហាញសញ្ញារឹងមាំ។ នេះគឺជាឆ្នាំបោះឆ្នោត។ ដូច្នេះ ខ្ញុំមិនគិតថា ធនាគារ Fed ចង់ទទួលខុសត្រូវចំពោះបញ្ហាជាប់គាំងទីផ្សារបែបណាមួយនោះទេ”។

លោក Daniel Ghali អ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុន TD Securities បានលើកឡើងថា “តម្រូវការមាសកើនឡើង ស្របពេលដែលភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ាកំពុងឡើងកំដៅ ក្រោយពីអុីស្រាអែលបានបើកការវាយប្រហារទៅលើស្ថានទូតអុីរ៉ង់នៅក្នុងប្រទេសស៊ីរី ខណៈអុីរ៉ង់ បានប្តេជ្ញា សងសឹកចំពោះ ការ វាយប្រហារនេះ”។

កំដៅនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការសម្រុកទិញមាសដោយបណ្តាធនាគារកណ្តាលនានា បានជំរុញឱ្យតម្លៃហាងឆេងមាសហក់ឡើងថ្លៃ បើទោះបីជាទស្សនៈវិស័យនៃអត្រាការប្រាក់បន្តស្ថិតក្នុងភាពមិនច្បាស់លាស់យ៉ាងណាក្តី។

យោងតាមទិន្នន័យ ដែលចេញផ្សាយកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានបង្ហាញថា វិស័យផលិតកម្មរបស់សហរដ្ឋអាមេរិក បានកើនឡើងជាលើកដំបូងក្នុងរយៈពេល១ឆ្នាំកន្លះ ក្នុងខែមីនា ខណៈការបញ្ជាទិញថ្មីបានកើនឡើង ដែលបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចអាមេរិក ប៉ុន្តែ ការណ៍នេះបានជះផលប៉ះពាល់ដល់ទស្សនៈវិស័យនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារ Fed។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៦២ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,២១ពិន្ទុនៅថ្ងៃព្រហស្បតិ៍នេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៣២ភាគរយដល់២៧,១៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,១១ភាគរយដល់៩៣៥,៦៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,២៩ភាគរយដល់១០១៦,៨៥ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here