អ្នកជំនាញ: ឥណ្ឌាត្រូវផ្តួលវៀតណាមជាមុនសិន ដើម្បីសម្រេចមហិច្ឆិតាក្លាយជាមជ្ឈមណ្ឌលផលិតកម្មកំពូលនៅតំបន់អាស៊ី

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសឥណ្ឌាមានមហិច្ឆិតា ចង់ក្លាយជាមជ្ឈមណ្ឌលផលិតកម្មកំពូល នៅតំបន់អាស៊ី ខណៈដែលក្រុមហ៊ុននានា កំពុងងាកចេញពីប្រទេសចិន ប៉ុន្តែជាដំបូងឥណ្ឌាត្រូវផ្តួល ប្រទេសវៀតណាមឱ្យបានជាមុនសិន។

មហិច្ឆិតានេះត្រូវបានលាតត្រដាង ឱ្យឃើញកាន់តែច្បាស់ ស្របពេលដែលសហរដ្ឋអាមេរិក បានលើកទឹកចិត្តឱ្យក្រុមហ៊ុនរបស់ខ្លួន ផ្លាស់ប្តូរប្រតិបត្តិការផលិត គ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាចេញពីប្រទេសចិន និងងាកទៅកាន់ប្រទេសជាមិត្ត ជាពិសេសវៀតណាម និងឥណ្ឌា ដែលជាដៃគូនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

ប្រទេសឥណ្ឌា និងវៀតណាម គឺជាជម្រើសគោលដៅផលិតកម្មដ៏គួរឱ្យទាក់ទាញ សម្រាប់អ្នកវិនិយោគ និងក្រុមហ៊ុនបរទេស ដែលមួយផ្នែក គឺដោយសារតែតម្លៃពលកម្មថោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះយ៉ាងណាក្តី វៀតណាមនៅតែនាំមុខ ជាមួយនឹងការនាំចេញ ក្នុងទំហំទឹកប្រាក់សរុបចំនួន៩៦,៩៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ បើធៀបនឹងទំហំទឹកប្រាក់ពីការនាំចេញ របស់ឥណ្ឌាចំនួន៧៥,៦៥ពាន់លានដុល្លារ។

លោក Samir Kapadia នាយកប្រតិបត្តិក្រុមហ៊ុន India Index និងជានាយកគ្រប់គ្រងនៅក្រុមហ៊ុន Vogel Group បានលើកឡើងថា “វៀតណាមមានភាពល្បីឈ្មោះ ខាងផលិតគ្រឿងអេឡិចត្រូនិក ខណៈប្រទេសឥណ្ឌា ទើបតែឈានជើងចូលទៅក្នុងការប្រកួត។ ដូច្នេះទីក្រុងហាណូយ មានឱកាសឈ្នះខ្ពស់ជាងទីក្រុងញូវដេលី”។

ក្រុមអ្នកវិភាគបានលើកឡើង ពីបញ្ហាធំបំផុតចំនួន២ ដែលប្រទេ​សឥណ្ឌាត្រូវតែដោះស្រាយ ដើម្បីឱ្យមានភាពស្មើគ្នា ឬអាចឈានទៅវ៉ាដាច់ កម្លាំងផលិតកម្មរបស់វៀតណាម។ បញ្ហាដែលត្រូវដោះស្រាយនោះ រួមមាន ការបន្ថយពន្ធនាំចូល និងការកែលម្អប្រសិទ្ធភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់។

ត្រង់ចំណុចនេះ លោក Andy Ho ប្រធាន​ផ្នែក​វិនិយោគ​នៅក្រុមហ៊ុន VinaCapital បានគូសបញ្ជាក់ថា ប្រទេសឥណ្ឌាបានដាក់ពន្ធទៅលើការនាំចូលចំនួន១០ភាគរយ ដែលខ្ពស់​ជាង​ពន្ធ​នាំ​ចូល​ជា​មធ្យម​របស់​វៀត​ណាម ​ក្នុង​រង្វង់ត្រឹមតែ៥%ប៉ុណ្ណោះ។ ដូច្នេះ នេះជាឧបសគ្គរបស់ឥណ្ឌា ក្នុងការប្រកួតប្រជែងជាមួយវៀតណាម”។

ទោះជាយ៉ាងនេះក្តី លោក Kapadia បានគូសបញ្ជាក់ថា ទំនាក់ទំនងដ៏កក់ក្តៅរបស់វៀតណាម ជាមួយប្រទេសចិន បានផ្តល់អត្ថប្រ​យោជន៍យ៉ាងធំដល់ប្រទេសឥណ្ឌា ដោយលោកបានបន្ថែមថា “ចិន និងវៀតណាម តែងតែចាប់ដៃគ្នាជានិច្ច ហើយបំពាក់មេដាយឲ្យគ្នាទៅវិញទៅមកជា រៀងរាល់ពេលដែលពួកគេជួបមុខគ្នា”៕ ប្រភព: CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here