ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីភាពថ្លែងសុន្ទរកថាគន្លឹះ និងជាវាគ្មិនក្នុងកិច្ចពិភាក្សា នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទកម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន (Cambodia – Gateway to ASEAN)។
លើកឡើងក្នុងសុន្ទរកថាគន្លឹះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីទាំងមូល ដែលមានការចូលរួមពីឥស្សរជនជាន់ខ្ពស់ ឯកអគ្គរដ្ឋទូត តំណាងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្រុមហ៊ុនអន្តរជាតិធំៗនៅកម្ពុជានិងអាស៊ាន និងអ្នកជំនាញពីគ្រប់វិស័យ អំពីសក្ដានុពលសំខាន់ៗ ដែលវិនិយោគិនគួរសម្រេចចិត្តជ្រើសយកកម្ពុជា ជាទីតាំងវិនិយោគ ជាច្រកទ្វារទៅកាន់អាស៊ាន និងទៅកាន់ពិភពលោក។
លោកបញ្ជាក់ថា “កម្ពុជាស្ថិតនៅចំបេះដូង នៃតំបន់អាស៊ានដែលមានប្រជាជនសរុបប្រមាណ៦៧០លាននាក់ កម្ពុជាស្ថិតក្នុងស្ថានភាពមានសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពអតិផរណា”។លោកបន្ថែមថា “ជាពិសេសជាងនេះ ៦០% នៃប្រជាពលរដ្ឋកម្ពុជាសរុប គឺជាយុវជនមានអាយុក្រោម២៥ឆ្នាំ ប្រកបដោយថាមពល ថាមវន្ត និងការខិតខំប្រឹងប្រែង”។
រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មីនេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិជារួម។ កម្ពុជាយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ដូចជាដាក់ចេញកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន១,៥លាននាក់។
ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធ កម្ពុជាបាននិងកំពុងសាងសង់ ព្រមទាំងមានផែនការជាតិនានា សំដៅបង្កើនភាពប្រកួតប្រជែង និងសម្រួលដល់ការវិនិយោគរបស់វិនិយោគិន។ សំខាន់ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មីនេះ បានផ្ដោតការយកចិត្តទុកដាក់ជាសំខាន់លើបច្ចេកវិទ្យា អាស្រ័យលើក្របខណ្ឌនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងធ្វើទំនើបកម្មប្រព័ន្ធ ចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP Online v4.0) ជាមួយនឹងចក្ខុវិស័យដើម្បីពង្រឹងប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈជូនវិនិយោគិន។
លោកស៊ុន ចាន់ថុលបានបន្តថា ជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាល កម្ពុជាបានការរៀបចំ កិច្ចសម្របសម្រួលថែទាំវិនិយោគ ដោយរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីស្តាប់ពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយជូនវិនិយោគិន សំដៅបន្តលើកកម្ពស់និងជំរុញ ការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា។លោកបន្តថា “ភាពជោគជ័យរបស់វិនិយោគិន គឺជាភាពជោគជ័យរបស់កម្ពុជាផងដែរ”។
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ មានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំនុចស្នូល ដោយមានលើកឡើងប្រធានបទសំខាន់ៗមកជជែកពិភាក្សារួមមាន៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាព និងថាមពលកកើតឡើងវិញរបស់អាស៊ាន (ASEAN energy grid connectivity and ASEAN renewable energy and sustainability), កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន (Cambodia – Gateway to ASEAN) និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកំណើនប្រកបដោយបរិយាប័ន្ន (Leveraging Technology for Inclusive Growth)៕








