តម្លៃប្រេងកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃពុធនេះ ខណៈពេលដែលការធ្លាក់ចុះនៃស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក និងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ បានធ្វើឱ្យវិនិយោគិនព្រួយបារម្ភអំពីការផ្គត់ផ្គង់ថាមពល។

តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែមិថុនា បានកើនឡើង២០សេន ដល់៨៩,១២ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures សម្រាប់ចែកចាយនៅខែឧសភា បានកើនឡើង១៧សេន ដល់៨៥,៣២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0015 GMT ។

យោងតាមទិន្នន័យ ដែលចេញផ្សាយកាលពីសុក្រសប្តាហ៍មុន បានបង្ហាញថា សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ស្នូលរបស់សហរដ្ឋអាមេរិក បានកើនឡើង០,៣ភាគរយ នៅក្នុងខែកុម្ភៈ ដែលស្របតាមការព្យាករណ៍ទុករបស់ក្រុមសេដ្ឋវិទូ។

ទន្ទឹមនឹងនេះ លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក (Fed)  បានមានប្រសាសន៍ឱ្យដឹងថា “ទិន្នន័យអតិផរណានៅក្នុងខែកុម្ភៈ គឺកាន់តែដូចអ្វី ដែលយើងចង់ឃើញ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក ទិន្នន័យ ដែលចេញផ្សាយកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានបង្ហាញថា វិស័យផលិតកម្មរបស់សហរដ្ឋអាមេរិក បានកើនឡើងជាលើកដំបូងក្នុងរយៈពេល១ឆ្នាំកន្លះ ក្នុងខែមីនា ខណៈការបញ្ជាទិញថ្មីបានកើនឡើង ដែលបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចអាមេរិក ប៉ុន្តែ ការណ៍នេះបានជះផលប៉ះពាល់ដល់ទស្សនៈវិស័យនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារ Fed។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៥៨ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៤,៧៦ពិន្ទុនៅថ្ងៃពុធនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃពុធនេះ ខណៈផលប័ត្ររតនាគារអាមេរិកបានងើបឡើងថ្លៃ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៤ខែ និងការរញ្ជួយដីក្នុងតំបន់ ដែលអាចបង្កការរំខានចំពោះឧស្សាហកម្មផលិតបន្ទះឈីប។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះ០,៨១ភាគរយ គិតត្រឹមម៉ោង៩:៥៨នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,០៣ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,០៧ភាគរយ។

ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៥៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៤៨ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ១,៣២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១,៣៩ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here