ដំណឹងល្អៈ ផ្លូវជាតិលេខ៣៣សម្រេចបានវឌ្ឍនភាពជាង៦០ ភាគរយហើយ

        ដោយៈ គង់ សូរិយា

        កំពត/កែបៈ គិតត្រឹមខែមេសា ឆ្នាំ២០២៤នេះ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចវឌ្ឍនភាពការងារបាន៦២ % ហើយ។

ព័ត៌មាននេះត្រូវបានបង្ហាញក្នុងឱកាស លោកប៉ាល់ ច័ន្ទតារា អនុ​រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនចុះពិនិត្យគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ដើម្បីធានាការសាងសង់ត្រឹមត្រូវ តាមលក្ខណៈបទដ្ឋានបច្ចេកទេស សម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពសាងសង់ និងត្រួតពិនិត្យលើការងារបច្ចេកទេសសាងសង់ ចាប់ពីរង្វង់មូលធូរេន ទីរួមខេត្តកំពត ដល់ច្រកលក(ព្រំដែនកម្ពុជា-វៀតណាម) ក្នុងនោះមានទីតាំងដូចជា ៖ ចំណុចចាក់បេតុងក្នុងក្រុងកំពត គីឡូម៉ែត្រ ០០.៣០ ពិនិត្យលើផ្លូវថ្មើរជើង (Side Walk) ពិនិត្យចំណុចស្នើសុំប្រឡាយសងខាង របស់សាលាស្រុកទឹកឈូ ទីតាំងសាងសង់ស្ពានក្បាលរមាសថ្មី  ចំណុចសម្រួលចរាចរណ៍នៅរង្វង់មូលសេះស ការដាក់លូនៅទីប្រជុំជនផ្សារកំពង់ត្រាច រួចបន្តចុះរហូតដល់ចំណុចបញ្ចប់គម្រោង គឺច្រកព្រំដែនលកតែម្តង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ម្យ៉ាងវិញទៀត ការចុះត្រួតពិនិត្យនេះ ក្នុងន័យធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ដល់ផ្លូវថ្នល់ និងអាចធានាឱ្យបានថាគម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។

លោកអនុរដ្ឋលេខាធិការ បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ឱ្យបន្ថែម ការយកចិត្តទុកដាក់លើការងារស្រោចទឹក លុបជង្ហុក និងត្រូវគិតគូរឱ្យបានហ្មត់ចត់ ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ ប្រើប្រាស់សម្លៀកបំពាក់ និងឧបករណ៍ការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here