វៀតណាមត្រូវការទុនវិនិយោគរាប់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត

ដោយ: គង់ លាងហួរ

ហាណូយ: តម្រូវការទឹករបស់ប្រទេសវៀតណាម នឹងកើនឡើង៣២ភាគរយ នៅឆ្នាំ២០៣០ ដែលទាមទារឱ្យមានទុនវិនិយោគប្រមា​ណ៩ពាន់លានដុល្លារ សម្រាប់ការធ្វើប្រព្រឹត្តកម្មទឹក និងស្តារប្រព័ន្ធលូ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក។

លោក Nguyen Ngoc Diep ប្រធានសមាគមផ្គត់ផ្គង់ទឹក និងប្រព័ន្ធលូវៀតណាមបានអះអាង ដោយដកស្រង់របាយការណ៍របស់ធនាគារពិភពលោកកន្លងមកថា “គម្រោងប្រព្រឹត្តិកម្មទឹកសំណល់ប្រហែល៨០កន្លែង ដែលមានសមត្ថភាពផលិតទឹកស្អាតជាង២លានម៉ែត្រគីបក្នុងមួយថ្ងៃ កំពុងត្រូវបានដាក់ពង្រាយ”។

Vietnam needs $9B worth of water infrastructure investments: World Bank -  VnExpress International

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណាក្តី អត្រាប្រមូលយក និងអត្រាប្រព្រឹត្តកម្មទឹកសំណល់ស្ថិតក្នុងរង្វង់ត្រឹមតែ៦០% និង១៥% រៀងៗគ្នាប៉ុណ្ណោះ។  លោកបានបន្ថែមថា យើងមិនទាន់មានដំណោះស្រាយរយៈពេលវែងសម្រាប់ការជន់លិច នៅក្នុងតំបន់ទីក្រុង ដូចជា ទីក្រុងហាណូយ និងទីក្រុងហូជីមិញ នោះទេ។

លោក Diep បានដកស្រង់របាយការណ៍របស់ធនាគារពិភពលោក ដោយបញ្ជាក់ថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូមិនទាន់គ្រប់គ្រាន់ទេ។ យើងត្រូវការទុនវិនិយោគដ៏ធំ ដើម្បីអនុញ្ញាតឱ្យប្រជាជនរបស់យើង គ្រប់រូបទទួលបានទឹកស្អាតប្រើប្រាស់ ”។

បច្ចុប្បន្ននេះ ប្រទេសវៀតណាម មានរោងចក្រផលិតទឹកស្អាតប្រមាណ៧៥០កន្លែង ដែលមានសមត្ថភាពផលិតទឹកស្អាតសរុបជាង១លានម៉ែត្រគីប ក្នុងមួយថ្ងៃ។ អត្រាប្រជាជនរស់នៅក្នុងទីក្រុង ដែលទទួលបានទឹកស្អាត​ មានអត្រាលើសពី៩២% ខណៈអត្រាថ្នាក់ជាតិជាមធ្យមស្ថិតក្នុងរង្វង់ត្រឹមតែ១៧,៥% ប៉ុណ្ណោះ។

ទោះជាយ៉ាងនេះក្តី លោក Nguyen Viet Anh ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្របរិស្ថាន និងវិស្វកម្មបានមានប្រសាសន៍ឱ្យដឹងថា ការបោះទុនវិនិយោគ ចំនួន៩ពាន់លានដុល្លារ អាចដោះស្រាយបានត្រឹមតែតម្រូវការមូលដ្ឋានប៉ុណ្ណោះ។

ជាក់ស្តែង បណ្តាអង្គការអន្តរជាតិជាច្រើន បានប៉ាន់ប្រមាណថា វៀតណាម នឹងត្រូវការប្រាក់ចំនួន៣០ពាន់លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹករបស់ខ្លួន។  អាស្រ័យហេតុនេះ អាជ្ញាធរវៀតណាម ត្រូវវាយតម្លៃឲ្យបានត្រឹមត្រូវអំពីតម្លៃទឹក ដើម្បីដាក់ចេញនូវគោលនយោបាយសមស្រប ហើយការធ្វើឯកជនភាវូបនីយកម្មគឺមានភាពចាំបាច់ណាស់ ដើម្បីប្រមូលកៀរគរធនធានសម្រាប់ការវិនិយោគប្រព័ន្ធទាំងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here