សេដ្ឋវិទូធនាគារពិភពលោកលើកឡើងពីវិស័យជម្រុញកំនើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ

ដោយ: គង់ លាងហួរ

ភ្នំពេញៈ សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោក បានរក្សាការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងសម្រេចបានក្នុងរង្វង់៥,៨ភាគរយនៅឆ្នាំនេះ កើនឡើងពី៥,៤ភាគរយក្នុងឆ្នាំមុន។

កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានជំរុញដោយការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ វិស័យកសិកម្ម ក៏ដូចជាវិស័យសំណង់ និងអចលនទ្រព្យផងដែរ។ ផលិតផលនាំចេញសំខាន់ៗរបស់ប្រទេសកម្ពុជា រួមមាន សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ និងផលិតផលកសិកម្មដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក និងស្វាយជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសន្និសីទសារព័ត៌មានស្តីពី ការចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅថ្ងៃច័ន្ទ ទី១ ខែមេសានេះ លោក Aaditya Mattoo ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា “ការស្ទុះងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចកម្ពុជា ស្របពេលដែលពាណិជ្ជកម្មសកល ស្ទុះងើបឡើងវិញ”។

លោកបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន អាចជួយសម្រួលលំហូរវិនិយោគផ្ទាល់ ពីបរទេសពីប្រទេសចិន ចូលមកកម្ពុជា ដោយសារកម្ពុជាមានទំនាក់ទំនង យ៉ាងស៊ីជម្រៅជាមួយប្រទេសចិន ទាំងពាណិជ្ជកម្ម និងការវិនិយោគ ។

យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានកំណើន១៩,២ភាគរយ ក្នុងរយៈពេលពីរខែដំបូងដើមឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកើនដល់ទំហំទឹកប្រាក់ចំនួន៨,១២ពាន់លានដុល្លារ។

យោងតាមលោក Mattoo បានមានប្រសាសន៍ឱ្យដឹងទៀតថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ២០២៥ ត្រូវបានគេធ្វើការព្យាក​រណ៍ថា នឹងសម្រេចបានកំណើនក្នុងរង្វង់៦,១ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here