តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃអង្គារនេះ ខណៈ ទិន្នន័យផលិតកម្មរបស់សហរដ្ឋអាមេរិក បានបន្ទាបការរំពឹងទុកចំពោះការបញ្ចុះអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក(Fed)ក្នុងខែមិថុនាខាងមុខ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០៧ភាគរយដល់២២៤៨,៨៩ដុល្លារ ក្នុងមួយអោន  ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៩៩ភាគរយដល់២២៦០,៦ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៤០នាទីព្រឹក។

យោងតាមទិន្នន័យ ដែលចេញផ្សាយកាលពីថ្ងៃច័ន្ទម្សិលមិញនេះ បានបង្ហាញថា វិស័យផលិតកម្មរបស់សហរដ្ឋអាមេរិកបានកើនឡើងជាលើកដំបូងក្នុងរយៈពេល១ឆ្នាំកន្លះ ក្នុងខែមីនា ខណៈការបញ្ជាទិញថ្មីបានកើនឡើង ដែលបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចអាមេរិក ប៉ុន្តែ ការណ៍នេះបានជះផលប៉ះពាល់ដល់ទស្សនៈវិស័យនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារ Fed។

យោងតាមទិន្នន័យ ដែលចេញផ្សាយកាលពីសុក្រសប្តាហ៍មុន បានបង្ហាញថា សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ស្នូលរបស់សហរដ្ឋអាមេរិក បានកើនឡើង០,៣ភាគរយ នៅក្នុងខែកុម្ភៈ ដែលស្របតាមការព្យាករណ៍ទុករបស់ក្រុមសេដ្ឋវិទូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក (Fed)  បានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍មុនថា “ទិន្នន័យអតិផរណានៅក្នុងខែកុម្ភៈ គឺកាន់តែដូចអ្វី ដែលយើងចង់ឃើញ”។

ចំណែក លោក Alex Turro អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន RJO Futures បានលើកឡើងថា “យើងនឹងត្រូវពិនិត្យមើលថា តើអតិផរណារបស់សហរដ្ឋអាមេរិកអាចនឹងបន្តធ្លាក់ចុះឬយ៉ាងណា ដើម្បីបើកឱកាសឱ្យធនាគារ Fed បញ្ចុះអត្រាការប្រាក់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ”។

លោក Giovanni Staunovo អ្នក វិភាគនៅធនាគារ UBS បាន លើកឡើងថា“ធនាគារកណ្តាលនានាបន្តទិញមាសទុក ក្នុងគោលដៅធ្វើពិពិធកម្មទុនបម្រុងរូបិយប័ណ្ណរបស់ពួកគេ ដែលការណ៍នេះបានប៉ះប៉ូវ ការថយចុះនៃតម្រូវការ របស់អ្នកវិនិយោគ ដែល ផ្តោត លើ ការ រំពឹង ទុក អំពី ការ កាត់ បន្ថយ អត្រា ការ ប្រាក់ របស់ សហរដ្ឋ អាមេរិក”។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៦១ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងកិច្ចប្រជុំគោលនយោបាយ នាខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃ០,០៣៨ភាគរយ ដល់១០៥,០៥ពិន្ទុនៅថ្ងៃអង្គារនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៣៦ភាគរយដល់២៥,១៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៤២ភាគរយដល់៩០៥,៤០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៥២ភាគរយដល់១០០១,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥០នាទីព្រឹកថ្ងៃអង្គារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here