ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ នៅកម្ពុជាមានផ្កូវដែកចំនួន២ខ្សែ គឺខ្សែភាគខាងត្បូង និងខ្សែភាគខាងជើង ដែលមានប្រវែងសរុបប្រហែល៦៥២គីឡូម៉ែត្រ ជាប្រភេទខ្សែផ្លូវទោល និងទទឹងខ្លី (មួយម៉ែត្រ)។។
ខ្សែផ្លូវដែកភាគខាងជើង ដែលតភ្ជាប់រាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) មានប្រវែងសរុប៣៨៦ គីឡូម៉ែត្រ ត្រូវបានសាងសង់ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ និងខ្សែផ្លូវភាគខាងត្បូងតភ្ជាប់ពីរាជធានី ភ្នំពេញទៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុមានប្រវែងសរុប២៦៦គីឡូម៉ែត្រ ត្រូវបានសាងសង់ក្នុងឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩។
ឯកសារផែនការមេគ្រប់ជ្រុងជ្រោយស្តី ពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភាកម្មកម្ពុជាបង្ហាញថា ចន្លោះឆ្នាំ ២០០៨ ដល់ឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានស្តារផ្លូវដែកទាំងពីរខ្សែ ដោយចំណាយថវិកាសរុបប្រហែល១៤០លានដុល្លារអាមេរិក។
ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០១៥រាជរដ្ឋាភិបាលបានផ្ដល់ថវិកា២០លានដុល្លារអាមេរិក/ឆ្នាំ ដើម្បីបន្តការងារស្តារផ្លូវដែកឡើងវិញ។ ការស្តារឡើងវិញនូវផ្លូវដែកខ្សែភាគខាងត្បូង បានបញ្ចប់នៅឆ្នាំ២០១៣។
ចំណែកផ្លូវដែកភាគខាងជើង បានតភ្ជាប់នៅខែមេសាឆ្នាំ ២០១៨ រួមបញ្ចូលទាំងការសាងសង់កំណាត់ថ្មី តភ្ជាប់ពីក្រុងសិរីសោភ័ណទៅកាន់ក្រុងប៉ោយប៉ែតមានប្រវែង៤៨គីឡូម៉ែត្រ។
ទោះបីយ៉ាងនេះ ផ្លូវដែកខ្សែភាគខាងជើង មិនទាន់ត្រូវបានដាក់ឱ្យដំណើរការពេញលេញនិងជាផ្លូវការនៅឡើយទេ។ ផ្លូវដែកខ្សែភាគខាងជើង បានតភ្ជាប់ជាមួយផ្លូវដែករបស់ប្រទេសថៃ នៅចំណុចច្រកព្រំដែនប៉ោយប៉ែត ប៉ុន្តែដោយសារកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ព្រំដែនកម្ពុជា-ថៃកំពុង ស្ថិតក្នុងការចរចា។ ដូច្នេះការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដោយមធ្យោបាយផ្លូវដែក មិនទាន់បានចាប់ផ្ដើមនៅឡើយទេ។
បច្ចុប្បន្នចំនួនជើងរថភ្លើង ដែលធ្វើប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែរត់ភាគខាងត្បូង មានបរិមាណតិចតួច ដោយថេរវេលា ប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរ៥ ម៉ោង/ជើង ដោយមានល្បឿន ធ្វើដំណើរជាមធ្យមត្រឹម៥៥គីឡូម៉ែត្រ/ម៉ោង និងមានរថភ្លើងចំនួន៤គូ កំពុងដំណើរការសម្រាប់ ការដឹកអ្នកដំណើររៀងរាល់សប្តាហ៍ និងមានអ្នកដំណើរប្រមាណ៣៩,១០០នាក់ ក្នុងឆ្នាំ២០១៧។
ដោយឡែក ការដឹកជញ្ជូនទំនិញប្រើរយៈពេល៦ម៉ោង និងល្បឿន៤៥ គ.ម/ម៉ោង ដឹកទំនិញសំខាន់ៗ រួមមាន៖ ប្រេងឥន្ទនៈ ស៊ីម៉ងត៍ ធ្យូង រ៉ែនិងទូរកុងតឺន័រ និងមានទំនិញប្រមាណ៧៥៩, ៧០០ តោន ត្រូវបានដឹកក្នុងឆ្នាំ២០១៧។
ចំណែកឯផ្លូវរត់ភាគខាងជើងត្រូវបានរំពឹងថា ការដឹកជញ្ជូនអ្នកដំណើរនឹងចំណាយថេរវេលា ប្រមាណ១០ម៉ោង/ជើង ដោយមានល្បឿនធ្វើដំណើរ ជាមធ្យមប្រហែល៤០គីឡូម៉ែត្រ/ម៉ោង ហើយការដឹកជញ្ជូនទំនិញប្រើប្រាស់ រយៈពេល១៣ម៉ោង និងល្បឿន ៣០គ.ម/ម៉ោង ប៉ុន្តែខ្សែភាគខាងជើងនេះ មិនទាន់ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅឡើយ។
ដង់ស៊ីតេបណ្ដាញផ្លូវដែក នៅកម្ពុជាគឺ ៣៥,៩គ.ម/១០ ០០០គ.ម២ ស្មើនឹង០,៤១គ.ម/ប្រជាជន១០,០០០នាក់។
ធៀបជាមួយប្រទេសជិតខាង ដូចជា ប្រទេសវៀតណាម ថៃ ឡាវ មីយ៉ាន់ម៉ា និងប្រទេសម៉ាឡេស៊ី ដង់ស៊ីតេនៃបណ្តាញផ្លូវដែកនៅកម្ពុជា មានកម្រិតខ្ពស់តែជាងប្រទេសឡាវប៉ុណ្ណោះ។ ជារួម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវដែកកម្ពុជានៅមានកម្រិត ដោយសារមានស្តង់ដារបច្ចេកទេសទាប និងមិនទាន់មានភាពប្រកួតប្រជែង (ទាំងថ្លៃចំណាយ និងពេលវេលា)។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៣៨ ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងពិចារណា និងគិតគូរទៅលើការអភិវឌ្ឍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដែលមានស្រាប់ និងហួសសម័យ ដោយជំនួសមកវិញនូវផ្លូវរថភ្លើងល្បឿនលឿន។
រដ្ឋាភិបាលកំពុងស្វែងរកដៃគូអភិវឌ្ឍន៍ នៅលើផ្លូវរថភ្លើងចាស់ ខណៈបច្ចុប្បន្ន ការដឹកជញ្ជូនតាមផ្លូវដែកមានភាពយឺតយ៉ាវ មិនអាចឆ្លើយតប នឹងការវិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាបាននោះទេ៕